ក្រុមហ៊ុនទេសចរណ៍ចិនធំមកពី ១៤ ខេត្ត ក្រុង និងរដ្ឋធានី ចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍កម្ពុជា

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្ត ក្រុង និង រដ្ឋធានី ប៉េកាំង បាន​ចាប់​អារម្មណ៍​លើ​សក្តានុពល​ទេសចរណ៍ និង​កាលានុវត្ត​ភាព​វិនិយោគ​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

តាមដានជាមួយយើង៖ Million Times

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ហួត ហាក់ បាន​អញ្ជើញ​បើក «វេទិកា​ជំនួប​ផ្គូផ្គង​ធុរកិច្ច​ទេសចរណ៍​អន្តរជាតិ កម្ពុជា-ចិន» ដោយ​មាន​ការ​ចូលរួម​ពី​លោក Jiang Chao តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្ដម-ថ្នាក់​ដឹក​នាំ​តំណាង​ក្រសួង ស្ថាប័ន អភិបាល​រង​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (CTB) សមាគម​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា ក្រុមហ៊ុនទេសចរណ៍ និង​ធុរជន​កម្ពុជា-ចិន ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៥០០ នាក់ នៅ​សណ្ឋាគារ​សុខា រ៉េស៊ីដង់​ រាជធានី​ភ្នំពេញ។

អ្នក​រៀបចំ​កម្មវិធី​វេទិកា​ធុរកិច្ច​ចិន និង​កម្ពុជា បាន​រាយការណ៍​ជូន​អំពី​ការ​ចូលរួម​ក្នុង​ជំនួប​ផ្គូផ្គង​ដែល​មាន​អ្នក​ទិញ ៦៣ ក្រុមហ៊ុន​ទេសចរណ៍​ធំ​ៗ ពី​ខេត្តក្រុង១៤ និង​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម ហើយ​អ្នក​លក់​ជា​ការី​ទេសចរណ៍​កម្ពុជា​ធំ​ៗ ៧៥​ក្រុមហ៊ុន​ ដែល​មាន​ចាប់​អារម្មណ៍​ពី​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ Air Cambodia និង​សណ្ឋាគារ​ម៉ាក​អន្តរ​ជាតិ​ល្បី​ៗ ជាច្រើន​ជាមួយ​នឹង​ការ​រំពឹង​ទុក​លើ​លទ្ធផល​ចុះ​កិច្ចសន្យា​ទិញ​កញ្ចប់​ទស្សនកិច្ច​ចាប់ពី ៧៥% ឡើង​ទៅ។

អ្នក​រៀបចំ​កម្មវិធី ក៏​បាន​រៀបចំ​ជូន​អ្នក​ទិញ​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​សក្ដានុពល​ទេសចរណ៍​ទៅ​ជាច្រើន​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប។

ឆ្លៀត​ក្នុង​ឱកាស «វេទិកា​ជំនួប​ផ្គូផ្គងធុរកិច្ច​ទេសចរណ៍​អន្តរជាតិ កម្ពុជា-ចិន» រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ព្រមទាំង​អំណរគុណ ចំពោះ​ការ​អញ្ជើញ​មក​របស់​ធុរជន​ចិន ដែល​ពិត​ជា​បាន​ពិនិត្យ​មើល​ជាក់ស្ដែង​ពី​សក្ដានុពល​ទេសចរណ៍ និង​កាលានុវត្ត​វិនិយោគ​កម្ពុជា នា​ពេល​នេះ ជាពិសេស​ប្រទេស​កម្ពុជា គឺ​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ ប្រកប​ដោយ​សុខ​សុវត្ថិ​ភាព មិត្តភាព បដិសណ្ឋារកិច្ច​កក់ក្ដៅ និង​មាន​ភាព​ទាក់ទាញ។

លោក​ក៏​បាន​ស្នើ​គ្រប់​ភាគី​ទាំង​អស់ ត្រូវ​បន្ត​ជួយ​ផ្សព្វផ្សាយ សក្ដានុពល​ទេសចរណ៍​កម្ពុជា ពិសេស​ការ​លើកលែង ទិដ្ឋាការដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះ​ឲ្យ​បាន​ទូលំទូលាយ និង​ដល់​ភ្ញៀវ​របស់​ក្រុមហ៊ុន ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ចិន មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត។

យោង​តាមរយៈ​ស្ថិតិ​ទេសចរណ៍ រយៈពេល ១១ខែ ឆ្នាំ ២០២៥ នេះ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ជិត ៥,២ លាននាក់ ដែល​ក្នុង​នោះ ភ្ញៀវ​​មកពី​ចិន មាន​ចំនួន​ច្រើន​ជាង ១,១លាននាក់ កើន​ឡើង​ជិត ៤៤% ធៀបនឹងរយៈពេលដូចគ្នា កាល​ឆ្នាំ ២០២៤៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងទេសចរណ៍