ឯកឧត្តមបណ្ឌិត គុណ ញឹម ជំរុញឱ្យគ្រប់តួអង្គ និងភាគីពាក់ព័ន្ធត្រូវខិតខំថែរក្សាទីផ្សារអាមេរិក ឱ្យបានល្អ

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ទីផ្សារសហរដ្ឋអាមេរិក គឺស្រូបយកប្រមាណ ៤៣% នៃការនាំចេញសរុបរបស់កម្ពុជា ដែលក្នុងន័យនេះ គ្រប់តួអង្គ និងភាគីពាក់ព័ន្ធត្រូវខិតខំថែរក្សាទីផ្សារនេះឱ្យបានល្អ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” នៅសាលាជាតិគយ កាលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។

អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅ ដោយមានការចូលពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត។

តាមដានជាមួយយើង៖ Million Times

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា អ្នកឧកញ៉ា គិត ម៉េង បានមានចំណាប់អារម្មណ៍ថា អង្គសិក្ខាសាលានេះ នឹងជំរុញវិនិយោគិនដែលនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្ដិជាធរមាន។

ទន្ទឹមនេះ អ្នកឧកញ៉ា ក៏បានស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជាអតិបរមាជូនដល់ធុរជន និងត្រូវដាក់ទោសទណ្ឌដល់ធុរជនប្រព្រឹត្ដបទល្មើស ព្រមទាំងបានអំពាវនាវដល់ធុរជន ក្រុមហ៊ុនដឹកជញ្ជូន ភ្នាក់ងារផ្ដល់សេវានិងជើងសាគយ ត្រូវចូលរួមការប្រកាសនាំចេញ-នាំចូលទំនិញឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងបទប្បញ្ញត្ដិជាធរមាន ជៀសវាងការប្រព្រឹត្ដបទល្មើសដែលអាចឈានដល់ការចុះមកអង្កេតពីសហរដ្ឋអាម៉េរិកដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារនាំចេញរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសរំលេចពីសារៈសំខាន់នៃទីផ្សារសហរដ្ឋអាម៉េរិក ចំពោះទំនិញនាំចេញពីកម្ពុជា ដែលទីផ្សារនេះស្រូបយកប្រមាណ ៤៣% នៃការនាំចេញសរុបរបស់កម្ពុជា ដែលក្នុងន័យនេះ គ្រប់តួអង្គ និងភាគីពាក់ព័ន្ធត្រូវខិតខំថែរក្សាទីផ្សារនេះឱ្យបានល្អ។

ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា ហេតុដូចនេះហើយទើបភ្លាមៗបន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដាក់ពន្ធបដិការ ៤៩% លើទំនិញនាំចេញពីកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការរហ័ស និងទាន់ពេលវេលា ស្នើសុំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលរហូតឈានដល់សម្រេចបាននូវ “កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មបដិការ” រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលពន្ធបដិការលើទំនិញរបស់កម្ពុជាត្រូវបានទម្លាក់ពី ៤៩% មកត្រឹម ១៩%។

ភ្ជាប់នឹងកិច្ចខិតខំប្រឹងប្រែងនេះ អង្គពិធីនេះ គឺដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃ “និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” ដែលជាឯកសារគោលរបស់ ក្រុមការងារអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក សម្រាប់យកទៅអនុវត្តក្នុងការធានាថា ការនាំចូលវត្ថុធាតុដើមដើម្បីផលិតនិងកែច្នៃហើយនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក មានអនុលោមភាពស្របតាមវិធានដើមកំណើតទំនិញដែលបានកំណត់ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាទីផ្សារ និងថែរក្សាអត្រាពន្ធបដិការដែលមានភាពប្រកួតប្រជែងធៀបជាមួយនឹងប្រទេសជិតខាង ដែលកម្ពុជាទទួលបាន។

ឯកឧត្ដម ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិនិយោគិនដែលបណ្ដាក់ទុននៅកម្ពុជាបច្ចុប្បន្នខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា និងខិតខំស្វែងរកវិនិយោគិនមកបណ្ដាក់ទុនធ្វើធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រោងនឹងស្នើសុំរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលគយនៃសហរដ្ឋអាម៉េរិក ដើម្បីពិនិត្យលទ្ធភាពរៀបចំកសាងឱ្យមានក្របខណ្ឌកិច្ចសហប្រតិបត្ដិការជួយគ្នាទៅវិញទៅមកក្នុងវិស័យ ជាមួយនឹងរដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិក ដោយផ្អែកលើ មគ្គុទ្ទេសក៏គំរូ (CMAA) របស់អង្គការគយពិភពលោក ដើម្បីងាយស្រួលឱ្យរដ្ឋបាលគយទាំងពីរអាចបន្តពង្រឹងកិច្ចសហការ ជាពិសេសសម្របសម្រួលក្នុងការចុះមកអង្កេតគម្រោងវិនិយោគនៅកម្ពុជា ការផ្លាស់ប្ដូរទិន្នន័យ និងព័ត៌មានចាំបាច់នានា។ ក្នុងករណីសម្រេចបាននូវការចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្រុមការងារអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងត្រូវទទួលភារកិច្ចសម្របសម្រួលជាមួយរដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិក។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ៖ ១.និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ២. វឌ្ឍនភាពនៃការចរចាពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក ៣.នីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនិងការចែករំលែកព័ត៌មានពីសក្តានុពលទីផ្សារសហរដ្ឋអាម៉េរិក ដោយប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា។

បន្ទាប់មក អង្គវេទិកាបានរៀបចំកិច្ចពិភាក្សា ដើម្បីឆ្លើយតបនឹងសំណួរ និងសំណូមពរដែលជាកង្វល់របស់វិស័យឯកជន ដោយមានវាគ្មិនកិត្តិយសមកពី អ.គ.រ. ក.អ.ក. ក.ព.ណ. និងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចពិភាក្សានេះ មានសំណួរដែលបានលើកឡើង ត្រូវបានពន្យល់និងបំភ្លឺជូនយ៉ាងច្បាស់លាស់ដោយវាគ្មិនកិត្តិយស។

ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគទាំងអស់ចូលរួមពង្រឹងអនុលោមភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីរក្សាឱ្យបាននូវការទុកចិត្តពីសហរដ្ឋអាម៉េរិក។ ជាចុងបញ្ចប់ លោក ផា អេងវ៉េង បានថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលអញ្ជើញចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នៅថ្ងៃនេះ និងជូនពរដល់ក្រុមហ៊ុននិយោគទាំងអស់ទទួលជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

អត្ថបទ៖ ប៊ី