មុននេះបន្តិចក្រសួងការពារជាតិកម្ពុជា បានប្រកាសពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ថែមទៀត ដោយអំឡុងម៉ោង ១១ ព្រឹកនេះ យន្តហោះ F-16 របស់ថៃ បានទម្លាក់គ្រាប់បែក ២ គ្រាប់ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែក្ដៅគគុក ដោយ យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖
នៅម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ២ គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្ដីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

អត្ថបទ៖ឆដា, រូបភាព៖ ក្រសួងការពារជាតិ


