អំឡុងពេល សង្គ្រាមស្រ្តីខ្មែរមានស្វាមីជាម្ចាស់ក្រុមហ៊ុនដ៏ធំនៅអាល្លឺម៉ង់ បានបរិច្ចាគរាប់សិបម៉ឺនដុល្លារ

អំឡុង​ពេល​សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​មក​លើ​ទឹកដី​ខ្មែរ​នេះ មាន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​ចូលរួម​ជួយ​ជា​ថវិកា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ដើម្បី​ជួយសម្រួលការលំបាករបស់​ជន​ភៀស​សឹក និង​វីរ​កង​ទ័ព​ខ្មែរ ដែល​ឈរ​ជើង​នៅ​សមរភូមិជួរមុខ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​លោកស្រី សុភា បុត្រឈរ/Sophea Böttcher ដែល​មាន​ស្វាមី​អាល្លឺម៉ង់ ជា​ម្ចាស់​ក្រុមហ៊ុន​ធំ​មួយឈ្មោះ Bottcher AG មាន​មូលដ្ឋាន​នៅ​ទីក្រុង Jena។

ស្វាមី​របស់​ស្ត្រី​ខ្មែរ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​ធ្វើ​សប្បុរសធម៌​រូប​នេះ មាន​ឈ្មោះ​ថា Udo Bottcher គឺ​ជា​នាយក​គ្រប់គ្រង និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Bottcher AG ដែល​ជា​ក្រុមហ៊ុន​លក់ដុំ និង​បញ្ជា​ទិញ​តាម​ប្រៃសណីយ៍ (អនឡាញ) របស់​អាល្លឺម៉ង់​សម្រាប់​ការ​ផ្គត់ផ្គង់​ការិយាល័យ បច្ចេកវិទ្យា​ការិយាល័យ គ្រឿង​សង្ហារិម​ការិយាល័យ សម្ភារ​ជាង​សំណង់, ឧបករណ៍​ក្នុង​សួនច្បារ, គ្រឿង​សុវត្ថិភាព​ការងារ, ហាង​លក់​ថ្នាំ​ពណ៌ និង​របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះ ក៏​ដូចជា​របស់​ក្មេង​លេង ជាង ២ សែន​មុខ​ទំនិញ។

លោកស្រី សុភា បុត្រឈរ មិន​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ក្នុង​ការ​បរិច្ចាគ​ថវិកា​ជួយ​ដល់​កងទ័ព ក៏​ដូចជា​ជន​ភៀស​សឹក​រាប់​សែន​នាក់ ដែល​បាន​ចាកចេញ​ពី​លំនៅឋាន ដោយសារ​ទាហាន​ថៃ​បើក​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​សភា​វុធ​សព្វ​បែប​គ្រប់​យ៉ាង មិន​ថា​យន្តហោះ​ទម្លាក់​គ្រាប់​បែក យន្តហោះ​ផ្សែង​ពុល គ្រាប់​ផ្លោង កាំភ្លើង​តូច​ធំ​ជាដើម។

ភរិយា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Bottcher AG មិន​បាន​ឈរ​ឱប​ដៃ​មើល​ជន​ភៀស​សឹក​ដែល​ជា​ខ្មែរ​ដូច​គ្នា​រស់នៅ​ដោយ​ភាព​លំបាក​ឡើយ ដោយ​លោកស្រី​បាន បរិច្ចាគ​ទៅ​តាម​បុគ្គល​មាន​ឥទ្ធិពល​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ផ្សេង​ៗ។ មិន​តែ​ប៉ុណ្ណោះ​លោកស្រី ដែល​មាន​ទី​កន្លែង​កំណើត​នៅ​ខេត្ត​កំពង់ធំ បាន​ជួយ​ថវិកា​ផ្ទាល់​ដោយ​កងទ័ព និង​ជន​ភៀសសឹក​តាម​រយៈ QR កូដ​ផ្ទាល់​ៗ និង​តាម​សំណាក់​អាជ្ញាធរ​តាម​តំបន់​ផ្ទាល់​ទៀត​ផង៖

​ជំនួយ​ត្រួស​ៗ​ដែល​លោកស្រី បាន​ជួយ​តាមរយៈ​បុគ្គល​ល្បី​ៗ​មាន​ដូចជា៖

  • លោក Rich Kh គោ​ប្រាក់ ១ ម៉ឺន​ដុល្លារ
  • អ្នក​បង្កើត​មាតិកា​ម្ហូប​អាហារ ស្រីផាច ១ ម៉ឺន​ដុល្លារ
  • អ្នក​បង្កើត​មាតិកា ហេង វិសាល ១ ម៉ឺន​ដុល្លារអ្នក​បង្កើត​មាតិកា Q-win ១ ម៉ឺន​ដុល្លារ
  • អ្នក​បង្កើត​មាតិកា Peachy ៥ ពាន់​ដុល្លារ​ដុល្លារ
  • អ្នក​បង្កើត​មាតិកា Soklea TV ១ ម៉ឺន​៣ ពាន់ ៥ រយ​ដុល្លារ
  • អ្នក​បង្កើត​មាតិកា ShanaeLael ១ ម៉ឺន ៥ ពាន់​ដុល្លារ
  • ក្រុមហ៊ុន Royal Ausnz Cambodia ៨០ លាន​រៀល
  • អ្នក​បង្កើត​មាតិកា Seakleng Pech ៤ ពាន់​ដុល្លារ

នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​បុគ្គល និង​ស្ថាប័ន​អង្គការ​ជាច្រើន​ទៀត​ដែល​លោកស្រី សុភា បុត្រឈរ/Sophea Böttcher បាន​ទំនុកបម្រុង​ឡើយ តាំងពីសង្គ្រាមខែ ៧ និងសង្គ្រាមខែ ១២ នេះ។ លោកស្រី និង​​ស្វាមី​បាន​បរិច្ចាគ​ប្រាក់​លើស ១២ លាន​អឺរ៉ូ ទៅ​ដល់​ប្រទេស​កម្ពុជា អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងៗ រហូត​ត្រូវ​គេ​ឲ្យ​នាម​ថា «សប្បុរសជន​លំដាប់​ពិភពលោក»៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher