ឯកឧត្តម ផន រឹម អ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ។
ឯកឧត្តម ផន រឹម បានចេញមកអះអាងដូច្នេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានថៃ បានដកស្រង់សំដីរបស់មន្ត្រីថៃ ដោយព្រមានចង់បិទខ្ទប់ ការធ្វើដំណើររបស់នាវាឆ្លងកាត់ឈូងសមុទ្រថៃមកកាន់កម្ពុជា។

ឯកឧត្តម ផន រឹម បានថ្លែងដូច្នេះថា ៖«ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា»។
ឯកឧត្តម បានបន្តថា ៖«កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ»៕
អត្ថបទ៖ ប៊ី


