លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ចូលរួមឧបត្ថម្ភថវិកា ៣ លានដុល្លារ

លោក​អ្នកឧកញ៉ា ពុង ឃាវសែ (ធនាគារ​កាណាឌីយ៉ា) បាន​ប្រកាស​ចូលរួម​ឧបត្ថម្ភ​ថវិកា ៣ លាន​ដុល្លារ ជួយ​ដល់​កង​ទ័ព​ជួរ​មុខ​កម្ពុជា ដែល​ឈរ​ជើង​នៅ​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ និង​ជន​ភៀស​សឹក តាម​រយៈ​សម្ដេច​តេជោ ហ៊ុន សែន។

តាមដានជាមួយយើង៖ Million Times

ការ​ចូលរួម​ឧបត្ថម្ភ​ថវិកា​របស់ លោក​អ្នក​ឧកញ៉ា​បណ្ឌិត ពុង ឃាវសែ ៣ លាន​ដុល្លារ​នេះ សម្រាប់​ជួយ​ទ្រទ្រង់​កង​ទ័ព​ដែល​បាន​ឈរ​ពាំង​នៅ​ចំពោះ​មុខ​សត្រូវ​ដោយ​មិន​ខ្លាច​ញញើត។ មួយ​ចំណែក​ទៀត គឺ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​បាន​រត់គេច​ពី​គ្រាប់​កាំភ្លើង ទាំង​គ្មាន​អ្វី​នៅ​ក្នុង​ខ្លួន។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ ៩ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លង​ទៅ​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​​ស្ម័គ្រចិត្ត​ឧបត្ថម្ភ​ដល់​កងទ័ព ដើម្បី​បង្ហាញ​ពី​ភាព​រួបរួម​សាមគ្គី​គ្នា ជា​ធ្លុង​មួយ​នៃ​ខឿនការពារជាតិរបស់កម្ពុជា។

ក្រោយ​សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន​ក្នុង​ស្រុក​ខ្មែរ​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ខ្លះ ១ លាន​ដុល្លារ, ២ លាន​ដុល្លារ និង ៣ លាន​ដុល្លារ ជាដើម។

លោក​អ្នក​ឧកញ៉ា ជា​អ្នក​ជំនួញ​បាន​ចាប់​ផ្ដើម​អាជីព​ធនាគារ​របស់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដោយ​បាន​បើក​ដំណើរ​ការ​ធនាគារ​កាណាឌីយ៉ា និង​រួម​ចំណែក​ក្នុង​ការ​ស្ថាបនា​ឡើងវិញ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស។ នៅ​ឆ្នាំ ២០០០ គាត់​បាន​បង្កើត ​អូស៊ីអាយស៊ី គ្រុប (OCIC) ដោយ​ពង្រីក​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ការ​អភិវឌ្ឍ​របស់​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ OCIC និង​អ៊ីនធឺណេត