ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ពីជម្លោះព្រំដែន

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចធិបទី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជាសម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖

១. ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយ៖

ក. លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ និង

ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ

២. ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៖

តាមដានជាមួយយើង៖ Million Times

ក. លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន គិតចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធ

ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ

គ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និង

ឃ.បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី

៣. តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះ អតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង

៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ទន្ទឹមនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC)​​ នៅថ្ងៃនេះ  បានចេញសេចក្តីប្រកាសព័ត៌មាន អំពី «ការបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ»។

យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមជម្រាបជូនសាធារណជនជ្រាបថា សមាគមទាំងពីរនៅតែបន្តអនុវត្ត «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សមាគមទាំងពីរ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តតាមសេចក្តីណែនាំនានារបស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតជាសមាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួលដល់អតិថិជនដែលរងផល់ប៉ះពាល់តាមវិធានការខាងលើ៕

អត្ថបទ៖ ប៊ី