នៅពេលទទួលបានដំណឹងអំពីស្ថានភាពដ៏តានតឹងនៅតាមព្រំដែន ដោយសារថៃបានបំបានមកលើដែនអធិបតេយ្យភាពខ្មែរម្ដងទៀតហើយនោះ ថៅកែទឹកសុទ្ធ លោក អ៊ឹង ស៊ីវឈន់ ដែលទើបរៀបមង្គលការថ្មោងថ្មីបានចេញមុខមកជួយឧបត្ថម្ភ។

អគ្គនាយក ទឹកស្ព្រីងប្រូវីដា អ៊ឹង ស៊ីវឈន់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់វីរៈកងទ័ពកម្ពុជា និងជនភៀសសឹក ដោយបានផ្ដល់ប្រូវីដាចំណុះ 1500 mL ចំនួន 1000កេស តាមរយ:អ្នកបង្កើតមាតិកា ហេង វិសាល។
CEO វ័យក្មេងក៏បានបន្ថែមការចូលរួមឧបត្ថម្ភប្រូវីដាចំណុះ 1500mL ចំនួន 1000កេស តាមរយៈតារាកំប្លែង នាយ ពាក់មី។ គួរបញ្ជាក់កាលពីអំឡុងខែ ៨ កន្លងទៅលោក អ៊ឹង ស៊ីវឈន់ បានបង្កើតមូលនិធិ ដើម្បីជួយដល់ប្រជាជនខ្មែរដែលបានភៀសខ្លួនពីតំបន់ព្រំដែន និងទាហានដូចគ្នាដែរ។

មិនតែប៉ុណ្ណោះធនាគារឯកទេស ដូនពេញ ម.ក របស់លោក អ៊ឹង ស៊ីវឈន់ ក៏បានលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការអចិន្ត្រៃយ៍ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជាផងដែរ។
លោក អ៊ឹង ស៊ីវឈន់ វ័យទើប ២៥ ឆ្នាំ តែលោកបានកាន់កាប់ជំនួញ ៥ ក្នុងដៃ។ ក្នុងនោះមានដូចជា ធនាគារដូនពេញ Specialized Bank, ក្រុមហ៊ុនធានារ៉ាប់រង People & Partners ភោជនដ្ឋានអាហារជប៉ុន Hana Omakase, ក្រុមហ៊ុនគ្រឿងវិស្វកម្ម និងម៉ាស៊ីនហើយចុងក្រោយគឺជាអគ្គនាយក ទឹកស្ព្រីងប្រូវីដា។ ក្រៅពីជំនួញទាំង ៥ ធំៗនោះកូនប្រុសទី៣ របស់ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លោក អ៊ឹង ស៊ីវឈន់ ក៏ជា Founder របស់ក្រុម Pro Esport ទៀតផង៕


អត្ថបទ៖ឆដា, រូបភាព៖ Seav Chhuon Ing


