សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបានសរសេរលើបណ្តាញសង្គមដូច្នេះ ថា ៖«ក្រោយការអត់ធ្មត់លើស ២៤ ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក ១១ ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។

ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង អនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។
សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេស មហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ យើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធី គេចោទ យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះ
យើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?
កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង»៕
ប្រភព៖ Samdech Hun Sen of Cambodia


