គិតត្រឹមដើមខែធ្នូ ឆ្នាំ ២០២៥ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន ៣១ បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។
រោងម៉ាស៊ីនកិនស្រូវដែលបានចុះពិនិត្យរួមមាន៖ រោងម៉ាស៊ីនកិនស្រូវ ១៦៨ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។

ARDB បានគូសបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួល ឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស ៤០ លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។
ARDB បានឱ្យដឹងថា ៖«គិតត្រឹមថ្ងៃនេះ (ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន ៣១ បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល»។
ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាម តម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញទុនបន្ថែមចំនួន ៤០ លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ។
ARDB បានគូសបញ្ជាក់ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។
ARDB បន្ថែមថា«ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ»។
ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០ លានដុល្លារអាម៉េរិកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕
អត្ថបទ៖ ប៊ី


