នៅព្រឹកថ្ងៃ ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា សំ សុខនឿន បានចូលរួមបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) លើកទី១៨ ឆ្នាំ២០២៥» ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល នៅសាលសន្និបាតភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

ក្នុងនាមជាអ្នកជំនួញមួយរូប អ្នកឧកញ៉ា សំ សុខនឿន ប្រធាន SAM SN GROUP ត្រូវបានអញ្ជើញឲ្យចូលរួមជាភ្ញៀវពិសេស។ ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ ដើម្បីតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ព្រមទាំងទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្ដាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

ក្រៅពីអ្នកឧកញ៉ា សំ សុខនឿន ក៏មានសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតគឺ ឧកញ៉ា កង លាប រួមជាមួយឧកញ៉ា ម៉ៅ បញ្ចពណ៌ និងឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សុទ្ធតែបានចូលរួមក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) លើកទី១៨ ឆ្នាំ២០២៥»។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍នេះមានរយៈពេល៤ ថ្ងៃ និងមានស្តង់តាំងបង្ហាញប្រមាណ ២៥០ ស្តង់ ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរបន្ថែមពីលើនេះក៏មានស្តង់ផលិតផលពីប្រទេសមួយចំនួនទៀតដូចជា ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមផងដែរ៕



អត្ថបទ៖ ឆដា, រូបភាព៖ សមាគមឧកញ៉ាកម្ពុជា និង Dr. Sam Soknoeun


