រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានឲ្យដឹងថា ក្រសួងកសិកម្មកំពុងជំរុញការតភ្ជាប់ទីផ្សារអង្ករថ្មីពីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន។

កាលពីថ្ងៃ៣ ខែធ្នូ ឆ្នាំ ២០២៥ លោក ឌិត ទីណា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated ក្នុងគោលបំណងពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់បងប្អូនកសិករកម្ពុជា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងគោលបំណងពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀត ជូនដល់បងប្អូនកសិករខ្មែរ។

ដើម្បីធ្វើឲ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្មបានសម្របសម្រួលឲ្យមានជំនួបដោយផ្ទាល់រវាងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន និងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញការបញ្ជាទិញនេះអាចកើតឡើងក្នុងពេលឆាប់ៗ។
ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីននឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត។
លោក ឌិត ទីណា បានបន្ថែមទៀតថា ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឲ្យរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មមានលទ្ធភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករខ្មែរបានកាន់តែច្រើន និងទូលំទូលាយជាងមុន៕



អត្ថបទ៖ ឆដា, រូបភាព៖ ឌិត ទីណា – DITH Tina


