លោកស្រី ហេង សុខា ភរិយាសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ស្លៀកឈុតប្រេន Jenny Packham តម្លៃជាង ៦ ពាន់ដុល្លារ

លោកស្រី ហេង សុខា ភរិយា​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ សហ​ស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង នា​ថ្ងៃ​មង្គលការ​កូន​ប្រុស​ទី៣ អ៊ឹង ស៊ីវឈន់ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ធ្វើឲ្យ​ភ្ញៀវ​ចូល​រួម ក៏​ដូច​ជា​អ្នក​តាមដាន​លើ​បណ្ដាញ​សង្គម​ពី​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ ដែល​សែ​រាជវង្ស​បាន​ផ្សា​សាច់​ផ្សា​ឈាម​ជាមួយ​គ្រួសារ​ជំនួញ លាន់មាត់សរសើរ។

តាមដានជាមួយយើង៖ Million Times

​ភរិយា​ឯក​របស់​សេដ្ឋី​លំដាប់​ជួរ​មុខ​ស្រុក​ខ្មែរ​ទៅ​ហើយ ការ​រៀបចំ​តុបតែង​ខ្លួន​ថ្ងៃ​សិរី​ជ័យ​មង្គល​កូន​ប្រុស​ទៀត​នោះ ពិតជា​មិនអាច​ឲ្យ​ធម្មតា​ៗ​បាន​ឡើយ។ ដោយ​លោកស្រី សុខា បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​ តាមរយៈ​​សម្លៀកបំពាក់​បុរាណ អម​ជាមួយ​គ្រឿង​ពេជ្រ គង់ខ្យង និង​ត្បូង​ទន្ទឹម ត្បូង ​ធំ​ៗចែងចាំង​ភ្នែក។

មង្គលការ​កូន​ប្រុស​រយៈពេល ២​ថ្ងៃ លោកស្រី​បាន​ផ្លាស់ប្ដូរ​ឈុត​សម្លៀកបំពាក់​បុរាណ ដែល​ច្នៃ​ពី​ហូល​ផាមួង​ប្រណីត​របស់​ខ្មែរ​ច្រើន​ឈុត ហើយ​គ្រឿង​អលង្ការ​ក៏​បាន​ដូរ​ម៉ូដ​រហូត​ដែរ ដើម្បី​ឲ្យ​ស៊ី​ជាមួយ​ពណ៌​សម្លៀកបំពាក់។

ចំណែក​នា​ល្ងាច​កម្មវិធី​មង្គលការ​កូន​ប្រុស​ជាមួយ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា អ្នកម្ដាយ​កូន​កំលោះ​បាន​គ្រង​ឈុត​ដ៏​ប្រណីត​នៃ​ប្រេន Jenny Packham ពណ៌​ឈាម​ជ្រូក​ហើយ​ក៏​ជា​ម៉ូដ​ដែល​លក់​អស់​ពី​ស្ដុក​ផង​ដែរ។

រ៉ូប​​ប្រេន Jenny Packham ពណ៌​ក្រហម​ក្រមៅ​មាន​ឌិន​អង្កាំ​សុះសាច់​រ៉ូប​នេះ​មាន​តម្លៃ ៦ ៦៥៦ ដុល្លារ។ ចំណែក​គ្រឿង​ពេជ្រ​វិញ​ក៏​ស៊ី​នឹង​រ៉ូប​ទៀត ដែល​មាន​ទាំង​ពណ៌​ស និង​ត្បូង​ពណ៌​ក្រហម​ធំ​ៗ៕

គួរ​បញ្ជាក់​ថា កម្មវិធី​មង្គលការ CEO រូប​សង្ហា​កាន់កាប់ ៥ ក្រុមហ៊ុន​ក្នុង​ដៃ អ៊ឹង ស៊ីវឈន់ និង​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បាន​បញ្ចប់​ទៅ​ដោយ​ភាព​ស្រស់​ស្អាត និង​ជា​ការ​ចងចាំ​នៃ​មហាជន​ខ្មែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ the ring wedding cambodia, One Memory និង NaThib Makeup Artist