វិស័យសំណង់នៅកម្ពុជាស្រូបទុនវិនិយោគជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥

កម្ពុជា បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនជាង ៣ ៥០០ គម្រោង ដែលគិតជាទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាម របាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយកាលពីម្សិលមិញ។

របាយការណ៍បានឱ្យដឹងថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៣ ៥០៣ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៨.៦៧ លានម៉ែត្រការ៉េ ដែលតម្លៃប៉ាន់ស្មានទុនវិនិយោគគឺប្រមាណ ៧.៣២ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៤ កើនឡើង៦៨,៨៩%។

របាយការណ៍បានឱ្យដឹងទៀតថា គិតពីចាប់ផ្តើមអនុវត្ត បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៧១ ៨២០ គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ២១៩.២ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៨៧ ៦៩៦ ៤១៩ ៤៥៨ដុល្លារ។

តាមដានជាមួយយើង៖ Million Times

សម្រាប់ទិន្នន័យសំណង់តាមប្រភេទអគារវិញ  គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង មានចំនួន ២២៨គម្រោង ស្មើនឹង ២៨៨ អគារ ក្នុងនោះ សំណង់លំនៅឋានមានចំនួន ២ ៧២៤ គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៦ ៣៤០ ២៦៣ ម៉ែត្រការ៉ តម្លៃប៉ាន់ស្មានទុនទុនវិនិយោគ ២.៥១ពាន់លានដុល្លារ, សំណង់សណ្ឋាគារមានចំនួន ២៥ គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៤៥៥ ២០៥ ម៉ែត្រការ៉េ មាន តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២៧១.៤ លានដុល្លារ,សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៩ គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន១ ៣៦៨ ២៤៣ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៧៩៤.១ លានដុល្លារ, សំណង់អគាររោងចក្រមានចំនួន២៣៤គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ ៩.២២ លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៣ ២២៩.៦ ឡានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៣៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ៧៩៨ ៦៥៦ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤៦៨.៤ លានដុល្លារ។

គិតពីចាប់ផ្តើមអនុវត្ត ១) គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ៣ ២៥៤ អគារ ក្នុងនោះអគារខ្ពស់ចាប់ពី ៥ ជាន់ទៅ ៩ ជាន់ មានចំនួន ១ ៩០៥ អគារ អគារចាប់ពី ១០ជាន់ទៅ ១៩ ជាន់ មានចំនួន ៨៥១ អគារ អគារចាប់ពី ២០ ជាន់ទៅ ២៩ ជាន់ មានចំនួន ២៧៧ អគារ អគារចាប់ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន ១៥៦ អគារ អគារចាប់ពី ៤០ ជាន់ឡើង មានចំនួន ៦៥អគារ ២) គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៦៩៨ គម្រោង ៣) អគារផ្ទះល្វែងមានចំនួន ១២១ ០៨៨ ខ្នង ៤) អគារស្នាក់នៅរួមមានចំនួន ៧៨៧ គម្រោង ៥) សំណង់លំនៅឋានមានចំនួន ៤២ ៩១៣ គម្រោង ៦) សំណង់អគារសណ្ឋាគារមានចំនួន ១ ១៦៦ គម្រោង ៧) សំណង់អគារពាណិជ្ជកម្មមានចំនួន ៣ ៧៥៣ គម្រោង ៨) សំណង់អគាររោងចក្រមានចំនួន ១១ ១៨១គម្រោង និង ៩) សំណង់អគារពហុមុខងារមានចំនួន៤១៦គម្រោង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ចំពោះវិស័យសំណង់នេះ បាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឲ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានផ្ទះសម្ដែងរស់នៅសមរម្យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបញ្ចប់បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា តាមរយៈ​ការវាស់វែងដីធ្លីចុះក្នុងបញ្ជីជាប្រព័ន្ធ នៅទូទាំងប្រទេស ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​កាប់ដីធ្លីដោយសុវត្ថិភាព ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ចំពោះទិន្នន័យសំណង់ទូទាំងប្រទេស វាបានបង្ហាញថា វិស័យសំណង់នៅកម្ពុជា កំពុងមានការងើបមឡើងវិញ ព្រោះទិន្នន័យបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបានចេញលិខិតអនុញ្ញាតការសាងសង់ជាច្រើនទៅដល់ម្ចាស់គម្រោងវិនិយោគ ដែលបានចាក់បញ្ចូលទុនជាច្រើនទៅក្នុងសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ប៊ី