ប្រណីតគ្រប់ជ្រុងជ្រោយមង្គលការកូនប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ និងបុត្រី សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់

មក​ដល់​ថ្ងៃនេះ​ជា​ថ្ងៃ​ទី ២ នៃ​មង្គលការ​គូស្នេហ៍​បុព្វេសន្និវាស ដែល​កូន​កំលោះ​គឺជា​កូន​ប្រុស​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មាន​នាម​ថា អ៊ឹង ស៊ីវឈន់ ចំណែក​កូន​ក្រមុំ​ជា​សែ​រាជវង្ស និង​ជា​បុត្រី​ពៅ​សម្ដេច​ក្រុម​ព្រះ នរោត្តម ច័ក្រពង្ស់ ព្រះ​នាម ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា។

តាមដានជាមួយយើង៖ Million Times

មង្គលការ​នៃ​សែ​រាជវង្ស និង​ត្រកូល​អភិជន និង​ជា​អ្នក​ជំនួញ​ធំ​កក្រើក​អស់​បណ្ដាញ​សង្គម ក៏​ព្រោះ​តែ​កម្មវិធី​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង មាន​ការ​ចូលរួម​ពី​ញាតិវង្សានុវង្ស និង​មន្ត្រី​រាជការ អ្នក​មុខ​អ្នក​ការ អ្នក​ជំនួញ​ធំ​ៗ​ទាំង​ក្រៅ និង​ក្នុង​ប្រទេស។

គូស្នេហ៍​ដែល​សម​គ្នា​ទាំង​ព្រម​មិន​ថា​ជា​រូប​សម្បត្តិ ទ្រព្យ​ធន ចំណេះវិជ្ជា និង​ឋានៈ​មុខ​មាត់​ឡើយ ដោយ​ម្នាក់​ជា​កូន​អ្នក​ជំនួញ​មាន​ក្រុមហ៊ុន និង​បុត្រ​សម្ពន្ធ​ច្រើន ហើយ​ម្នាក់​ទៀត​គឺ​ជា​ចៅស្រី​បង្កើត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះ​ករុណា ព្រះបាទ នរោត្តម សីហនុ។

ក្នុង​ពិធី​ជយ​កូនប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ព្រម​ទាំង​បុត្រី​ពៅ សម្ដេច​ក្រុម​ព្រះ នរោត្តម ច័ក្រពង្ស់ បាន​រៀបចំ​តុបតែង​ឡើង​យ៉ាង​ប្រណីត។ ផ្កា​ស្រស់ អំពូល​គ្រីស្ដាល់ និង​គ្រឿង​លម្អ​ផ្សេងៗ​បាន​បញ្ចេញ​សោភណភាព​ស្រស់​បំព្រង​គ្រប់​ជ្រុងជ្រោយ​នៃ​កន្លែង​ប្រារព្ធ​កម្មវិធី។

ចំណែក​សាមី​ខ្លួន​ទាំង ២ ត្រូវ​បាន​សម្អិតសម្អាង​ដោយ​ផ្ចិតផ្ចង់ ព្រោះ​ទ្រង់​ជា​សែ​រាជវង្ស និង​ជា​បុគ្គល​សំខាន់​ដែល​ថែរក្សា​មរតក​ដូនតា​ខ្មែរ។ ទាំង​ភ្ញៀវ​ម្ចាស់​ដើម​ការ បាន​គ្រង​ឈុត​បុរាណ​មាន​ហូល​ផាមួង អាវ​ប៉ាក់ បូក​រួម​គ្រឿង​អលង្ការ​ភ្លឺ​ចិញ្ចែងចិញ្ចាច៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia