អគ្គនាយកក្រុមហ៊ុន PTC Computer Co., Ltdអ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ បានរៀបចំមង្គលការកូនស្រីរយៈពេល២ ថ្ងៃពេញ ចាប់ពីថ្ងៃ ២១-២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយបញ្ចប់ទៅយ៉ាងឱឡារិក និងស្នាមញញឹមបំព្រងនៃគ្រួសារទាំងសងខាង។

មង្គលការដ៏ធំនាចុងឆ្នាំ ២០២៥ នៃត្រកូលអ្នកជំនួញលំដាប់កំពូលនេះ បានប្រមូលផ្ដុំទៅដោយភ្ញៀវកិត្តិយសពិសេសៗមានទាំងអ្នកមុខអ្នកការ និងមន្ត្រីរាជការផងដែរ។ ទិដ្ឋភាពដែលកម្រឃើញ ដោយរោងការរៀបចំពីផ្កាស្រស់ពណ៌ស្វាយចាស់ និងពណ៌ស្វាយខ្ចី ព្រមទាំងរចនាបន្ថែមដោយក្បូរក្បាច់ខ្មែរពណ៌មាស រំលេចយ៉ាងសោភណភាពស្រស់ឆើតឆាយ។
កូនក្រមុំ អ៉ឹង ប៉ង៉ីង ត្រូវជាកូនស្រី អ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ ជាគូនឹងកូនដ៏ស្រស់សោភា ជាគូនឹងកូនកំលោះរូបសង្ហានាម គឹម សុវណ្ណរតនៈ។ គូស្វាមីភរិយាថ្មីថ្មោង សមគ្នាទាំងព្រម មានទាំងលក្ខណៈសម្បត្តិ គុណសម្បត្តិ និងទ្រព្យសម្បត្តិហូរហៀរដូចគ្នាតែម្ដង។

សិរីអាពាហ៍ពិពាហ៍ដ៏គគ្រឹកគគ្រេងរបស់កូនស្រី អ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ បានសម្រិតសម្រាំងរៀបចំកាយាអស្ចារ្យ ស័ក្ដិសមជាកូនសេដ្ឋីពិតៗ។ ចំណែកភ្ញៀវពន្លឺទៀតសោត បានគ្រងឈុតប្រពៃណីអមដោយកាបូប និងគ្រឿងអលង្ការមានតម្លៃ សម្រាប់ស្រីៗ។ ចំណែកឈុតបុរសវិញ បានប្រើប្រាស់ខោអាវធំយ៉ាងប្រណីតៗ មានពាក់នាឡិកាដៃទំនើបទាន់សម័យ។
គួរបញ្ជាក់ថា កូនក្រមុំ អ៉ឹង ប៉ង៉ីង និងកូន គឹម សុវណ្ណរតនៈ បានភ្ជាប់ពាក្យយ៉ាងអធឹកអធមកាលពី ថ្ងៃ១៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ និងមានការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ ព្រមទាំងអ្នកជំនួញធំៗក្នុងស្រុកដូចថ្ងៃមង្គលការនេះដែរ៕

























អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia


