រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានចូលរួមសន្និសីទស្ដីពី «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោមប្រធានបទ «ការជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសកល សម្រាប់អនាគតប្រកបដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» ដែលធ្វើឡើងចាប់ពីថ្ងៃ១៩ ដល់ ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសិង្ហបុរី។

កម្មវិធីដែលមានអ្នកចូលរួមប្រមាណជាង ៣០០ នាក់ មានតំណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ។

សន្និសីទនេះ បានផ្ដល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ តាមរយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាពជាដៃគូ និងទស្សនវិស័យនៃការវិនិយោគក្នុងតំបន់។

នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានចែករំលែកពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» ដោយបានបង្ហាញពីការផ្លាស់ប្ដូររបស់កម្ពុជាក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់លើការធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ដែលមានភាពប្រកួតប្រជែង ការរីកចម្រើនច្រវាក់ផលិតកម្មប្រកបដោយចីរភាព និងការពង្រីកលទ្ធភាពចាប់យកឱកាសវិនិយោគ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ សម្រាប់កំណើនរួមគ្នារវាងកម្ពុជា និងចិនផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាក៏មានជំនួបដាច់ដោយឡែកជាមួយ អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យវាយនភណ្ឌ ក្នុងគោលបំណងបង្ហាញពីសក្ដានុពល និងឱកាសវិនិយោគ និងគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យនេះ។

លោក ហេង សួរ ក៏បានជួបពិភាក្សាជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធបុរសរង និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Donghau ប្រទេសចិន ដើម្បីពិភាក្សាលទ្ធភាពក្នុងការសហការជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាផងដែរ៕
អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


