ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានទទួលជួបតំណាងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។
វិទ្យាស្ថាន BKI ដែលជាស្ថាប័នជំនាញលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឈានមុខមួយរបស់ប្រទេសអូស្ត្រាលី បានបង្ហាញពីគម្រោងមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួននៅកម្ពុជា ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយយកជាគំរូតាមមជ្ឈមណ្ឌលរបស់ខ្លួននៅប្រទេសឥណ្ឌា និងនៅទីក្រុងមែលប៊ន។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការតម្រង់ទិសការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឱ្យស្របតាមតម្រូវការឧស្សាហកម្មរបស់កម្ពុជា ដោយផ្តោតលើវិស័យអាទិភាពដូចជាការកែច្នៃអាហារ យានយន្ត អេឡិចត្រូនិច និងវិស័យថ្មីៗដូចជាបច្ចេកវិទ្យាជីវសាស្ត្រជាដើម។

ឯកឧត្តមបានលើកឡើងពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសារៈសំខាន់នៃសាលា TVET ក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់វិស័យជាក់លាក់ ជាជាងតែកម្មវធីបណ្តុះបណ្តាលជំនាញទូទៅ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងការប្រើប្រាស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តជាគំរូសម្រាប់វិស័យយុទ្ធសាស្ត្រផ្សេងទៀត ការសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាលក្នុងឧស្សាហកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍជំនាញសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២០ម៉ឺននាក់ដែលបានចុះឈ្មោះ ហើយដែលនឹងទទួលបានប័ណ្ណឥណទានអភិវឌ្ឍជំនាញនាពេលខាងមុខ។
តំណាងវិទ្យាស្ថាន BKI បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះសំណើ និងភាពជាដៃគូកាន់តែស៊ីជម្រៅនេះ ដោយបានលើកឡើងថា ភាពជោគជ័យនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្ត នឹងត្រូវបានពង្រីកសម្រាប់ជាគំរូនាពេលអនាគត។
វិទ្យាស្ថានបានការគាំទ្រពីក្រសួងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិត និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកាត់បន្ថយតម្រូវការនៃការនាំចូលកម្លាំងពលកម្មជំនាញពីបរទេស និងសិក្សាការអភិវឌ្ឍជំនាញថាមពលស្អាតក្នុងវិស័យរថយន្តអគ្គិសនី អ៊ីដ្រូសែន និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ។
ភាគីទាំងពីរបានបង្ហាញទំនុកចិត្តថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តនេះ នឹងក្លាយជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញកាន់តែទូលំទូលាយ៕
អត្ថបទ៖ ប៊ី


