នៅតែប៉ុន្មានថ្ងៃទៀត CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ នឹងចូលរោងជ័យ ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ដែលជាបុត្រីពៅសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។


កាន់តែកៀកដល់ថ្ងៃពិសេសរបស់ខ្លួន សេដ្ឋីកំលោះវ័យក្មេង អ៊ឹង ស៊ីវឈន់ បានបង្ហោះរូបភាព pre-wedding ជាបន្តបន្ទាប់។ មិនត្រឹមតែបង្ហោះរូបភាពដែលគ្រងឈុតប្រពៃណីប៉ុណ្ណោះទេ CEO ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ក៏បង្ហើបឲ្យដឹងថា ទម្រាំតែអាចឈរក្បែរព្រះនាង ពង្ស់សូរិយា បាន លោកបានប្រើពេល ៦ ឆ្នាំឯណោះ។
ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ព្រះជន្ម ២៧ ព្រះវស្សា និងកំលោះសង្ហា អ៊ឹង ស៊ីវឈន់ មានទំនាក់ទំនងស្នេហាយូរហើយ តាំងពីគូទាំងទ្វេនៅសិក្សាក្រៅប្រទេសមកម្ល៉េះ។ មួយវិញទៀតទំនាក់ទំនងរបស់ត្រកូលជាន់ខ្ពស់ទាំងសងខាងនេះ ក៏ទទួលបានការដឹងឮពីសំណាក់ចាស់ទុំ។
ថ្មីៗនេះដែរ លោក អ៊ឹង ស៊ីឈន់ និងព្រះនាង សូរិយា បានហាត់សម ត្រៀមសម្រាប់ថ្ងៃមង្គលការ ដែលលេចឮព័ត៌មានមកថានៅខែ ១២ ខាងមុខនេះ។


គួរបញ្ជាក់ផងដែរថាអគ្គនាយក ទឹកស្ព្រីងប្រូវីដា ជាអ្នកជំនួញរូបសង្ហា វ័យក្មេង និងជាកូនប្រុសអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ទោះជាមានវ័យទើប ២៥ ឆ្នាំ តែលោកកាន់កាប់ជំនួញជាច្រើនក្នុងដៃ ដោយមុនចូលមកកាន់ការងារ លោកបានចេញទៅសិក្សានៅអង់គ្លេសតាំងពីក្មេងឯណោះ។ ចំណែកព្រះនាងវិញ គឺបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
អនាគតគូស្វាមីភរិយានេះ មិនត្រឹមជាគូដែលមានរូបសម្រស់ ចំណេះដឹង ឋានៈ និងវង្សត្រកូលឡើយ សុទ្ធតែសមគ្នាទាំងព្រម។ ដូចនេះហើយមហាជនតែងតែផ្ដល់រហស្សនាមឲ្យគូដណ្ដឹងគូនេះ ថាជាគូស្នេហ៍ដែលស័ក្ដិសមគ្នាគ្រប់យ៉ាង៕


អត្ថបទ៖ ឆដា, រូបភាព៖ Soriya Norodom និង Seav Chhuon Ing


