ក្នុងឆ្នាំ ២០២៥ នេះ វិស័យសំណង់នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបយឺតក្នុងអត្រាកំណើន ២,៤% ដែលនឹងបន្តទ្រទ្រង់ ដោយសំណង់លំនៅឋានថ្លៃសមរម្យ ស្របពេលដែលសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម រំពឹងថានឹងបន្តកើន។ នេះបើយោងតាមរបាយការណ៍ស្តីពី ឯកសារគាំទ្រ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍បានឱ្យដឹងថា វិស័យសំណង់ ត្រូវបានសម្លឹងឃើញថានឹងក្លាយជាចន្ទល់កំណើនសក្តានុពលមួយយ៉ាងសំខាន់ ដែលចូលរួមគាំទ្រកំណើនដល់អនុវិស័យសំណង់ជារួម ខណៈការវិនិយោគលើសំណង់ថ្លៃខ្ពស់ នៅមិនទាន់ងើបឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយ គួបផ្សំនឹងភាព-មិនប្រាកដប្រជាខ្ពស់នៃកត្តាសេដ្ឋកិច្ច និងទំនុកចិត្តវិនិយោគ។
គួរបញ្ជាក់ថា ការបន្តអនុវត្ត វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ទាំងការរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងការជំរុញចរន្តទិញ-លក់ តាមរយៈការលើកលែងពន្ធប្រថាប់ត្រា និងវិធានការផ្សេងទៀត ក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំពារដល់អនុវិស័យនេះផងដែរ។

អ្នកជំនួញផ្នែកអចលនទ្រព្យ អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group មានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ មានអគារខ្ពស់ៗនិងគម្រោងធំៗជាច្រើន ពិសេសក៏មានលំនៅដ្ឋានតម្លៃសមរម្យ និងមធ្យម រហូតដល់លំនៅដ្ឋានប្រណីតលំដាប់ខ្ពស់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា បានថ្លែងបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ វិស័យអចលនទ្រព្យបានជួបបញ្ហាប្រឈមដោយសារវិបត្តិជំងឺរាតត្បាតសកល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។
លោកបាននិយាយថា ៖«ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ រហូតដល់បច្ចុប្បន្ន វិស័យនេះបានរស់រានមានជីវិត ដោយបង្ហាញពីភាពចាស់ទុំ និងភាពធន់នឹងវិបត្តិ»។
អ្នកឧកញ៉ា សំ សុខនឿន ទោះបីជាគម្រោងសាងសង់មួយចំនួនបានជាប់គាំងក៏ដោយ ក៏រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហា អនុវត្តគោលនយោបាយ និងគោលការណ៍នានាក្នុងគោលបំណងស្តារ និងស្តារវិស័យនេះឱ្យស្ថិតក្នុងកម្រិតមុនការរីករាលដាល។

សូមរំលឹកផងដែរថា អនុវិស័យសំណង់ ត្រូវបានវាយតម្លៃថាបន្តងើបក្នុងល្បឿនទាប ជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ត្បិតវិស័យនេះនៅបន្តស្ថិតក្នុងដំណាក់កាលនៃការកែតម្រូវទីផ្សារ (Market correction) បានសេចក្តីថាសកម្មភាពសំណង់មួយចំនួនធំ ជាពិសេស សំណង់លំនៅឋានថ្លៃសមរម្យ (ថ្លៃក្រោម ១០ ម៉ឺនដុល្លារអាម៉េរិក) បន្តមានដំណើរការក្នុង ទ្រង់ទ្រាយតូច សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុក។
សម្រាប់ឆ្នាំ ២០២៤ សំណង់បម្រើឱ្យលំនៅឋាន ពោលគឺលំនៅឋានមានលក្ខណៈជាបុរី នៅតែចូលរួមយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើននៃអនុវិស័យនេះ ស្របពេលដែលការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល តួយ៉ាងដូចជា វិធានការ ៨ ចំណុច ក៏នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីធានានូវដំណើរការសាងសង់ ក្នុងកាលៈទេសៈកែកាលៈទេសៈ កែតម្រូវទីផ្សារ និងឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។
ជាមួយគ្នានេះ វិស័យសំណង់បម្រើឱ្យឧស្សាហកម្ម ដូចជា រោងចក្រ និងឃ្លាំងជាដើម ក៏មានការកើនគួរឱ្យកត់ សម្គាល់ផងដែរ ឆ្លុះបញ្ចាំងពីនិន្នាការរឹងមាំនៃវិស័យកម្មន្តសាល៕
អត្ថបទ៖ ប៊ី


