ថៅកែធំ ជីប ម៉ុង ចុះសួរសុខទុក្ខអ្នករបួសនៅភូមិព្រៃចាន់ និង​ឧបត្ថម្ភ ​​១០ លានរៀលមួយគ្រួសារ

ម្ចាស់​អាណាចក្រ ជីប ម៉ុង គឺ​លោក​អ្នកឧកញ៉ា ភាព ហៀក បាន​ចុះ​ទៅ​មន្ទីរពេទ្យ​សួរ​សុខទុក្ខ​ប្រជាជន​រង​របួស​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ទាហាន​ថៃ​បើក​ការ​បាញ់​ប្រហារ និង​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​គ្រួសារ ១០ លាន​រៀល។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ​លោក​អ្នក​ឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​មន្ទីរពេទ្យ​កាល់មែត្រ ដើម្បី​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើងរបស់​​ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​នា​ថ្ងៃ ១២ ខែ​វិច្ឆិកា វេលា​ម៉ោង​ប្រមាណ ៣ រសៀល​កន្លង​ទៅ។

កន្លង​ទៅ​ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​ការ​បរិច្ចាគ​ធនធាន ថវិកា និង​​ស្បៀង​អាហារ​ជាច្រើន ដល់​កងកម្លាំង​ជួរ​មុខ និង​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ជាច្រើន។ ជាក់ស្ដែង​កាល​ចុង​ខែ​ឧសភា ឆ្នាំ ២០២៥ ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង​កូន​ៗ​ដែល​ជា​សហ​ស្ថាបនិក​បាន​ចុះ​ដោយ​ផ្ទាល់ នាំ​ថវិកា​ឧបត្ថម្ភ ៤០ ម៉ឺន​ដុល្លារ និង​ភេសជ្ជៈ​ជាច្រើន​ជូន​ដល់​កងទ័ព​ជួរមុខ ឈរជើង​នៅ​ព្រំដែន​ខេត្ត​ព្រះវិហារ។

គួរ​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ ជីប ម៉ុង គ្រុប បាន​ចុះ​ទិញ​ស្រូវ​ផ្ទាល់​ៗ​ពី​ប្រជា​កសិករ ៥ ០០០ តោន​រៀងរាល់​ឆ្នាំ។ សម្រាប់​អតិថិជន​ក៏​អាច​ចូលរួម​ជួយ​តាមរយៈ​ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ចំពោះ​ស្រូវ​ដែល​ទិញ​បាន ក្រុមហ៊ុន​នឹង​កិន​ជា​អង្ករ ហើយ​យក​មក​ចែកចាយ​លក់​នៅ​តាម​បណ្ដា​សាខា​ទាំង ១៥ របស់​ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅ​ក្នុង​តម្លៃ​ខាត ពោល​គឺ​មិន​គិត​ពី​ប្រាក់​ចំណេញ ធ្វើ​យ៉ាងណា​អាច​ជួយ​សម្រាល​ជីវភាព​កសិករ ជាពិសេស​លើកស្ទួយ​កសិផល​នៅ​ក្នុង​ស្រុក៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group និង Khmer Beverages