វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្តោតលើវិស័យនានា ដូចជា អប់រំ សុខាភិបាល ភោជនីយដ្ឋាន ភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ និងសម្ភារៈ និងបរិក្ខាសំណង់ ជាដើម។
ការស្វែងឱកាសវិនិយោគនេះ ត្រូវបានធ្វើឡើង កិច្ចពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិនិយោគិនចិនមកពីសហគ្រាសទាំង ២១ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ, និង លើកស្ទួយធុរកិច្ច និង ការវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល, ជាពិសេស ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា កម្មវិធីពិសេសទាំង ២ នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែម ដល់គម្រោងវិនិយោគ ដែលក្នុងនោះ ខេត្តព្រះសីហនុ មានសក្តានុពលលើ វិស័យទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និង ពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ កម្មវិធីពិសេសនេះ មានយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួងស្ថាប័ន ដើម្បីសម្រួលនីតិវិធី បានឆាប់រហ័ស មានប្រសិទ្ធភាព និង តម្លាភាព ជូនដល់វិនិយោគិន។
តំណាងក្រុមវិនិយោគិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលជួប និង ផ្តល់ព័ត៌មានអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសំដែងការចាប់អារម្មណ៍ លើការរីកចម្រើន និង ការអភិវឌ្ឍនៅទីប្រជុំជន ពិសេស រាជធានីភ្នំពេញ, គោលនយោបាលពន្ធដារ ពន្ធអាករ, ការអភិវឌ្ឍ និង ការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង ២៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និង ការចូលរួមចំណែកយ៉ាងសំខាន់របស់វិនិយោគិន ដែលបាន និង កំពុងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីសក្តានុពល និង ឱកាសវិនិយោគនៅកម្ពុជា និង ជូនពរគណៈប្រតិភូ ឱ្យទទួលបានជោគជ័យថែមទៀត ក្នុងធុរកិច្ចរៀងៗខ្លួន៕
អត្ថបទ៖ ប៊ី


