គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៥ នេះ កម្ចីអចលនទ្រព្យនៅកម្ពុជា នៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ពោលគឺមានទំហំទឹកប្រាក់ជិត ៨ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ដែលបានចេញផ្សាយកាលពីថ្មីនេះ។
របាយការណ៍ បានឱ្យដឹងថា សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +១,២២% គិតត្រឹមពីខែកញ្ញា ឆ្នាំ២០២៥។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ១៦,១៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹងប្រមាណ ៧,៩៩ ពាន់លានដុល្លារ)។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ៨,៩៦% នៃចំនួនគណនីសរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ៤៩,៤៣% ចំណែកឯសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៨៣,១៣% និងសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួន មានចំណែក ៤៨,៨៩%។

សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ ១,៦៨% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅតំបន់ដូចជា +៣,៧% នៅតំបន់ខ្ពង់រាប +០,៨% នៅតំបន់ទំនាប +៣,៤% នៅតំបន់ឆ្នេរ និង +២,២% នៅតំបន់ទន្លេសាប។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា ៖«តម្រូវការពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើង ជាមួយនឹងសមិទ្ធផលឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅតែវិជ្ជាមាន ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទីបីនេះ បើប្រៀបធៀបនឹងត្រីមាសមុន»។
លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះតិចតួចបើធៀបនឹងត្រីមាសមុន ជាមួយនឹងការធ្លាក់ចុះនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី ៥,៤១% ក្នុងត្រីមាសទីពីរក្នុងឆ្នាំ២០២៥ មក ៥,៦៩% ក្នុងត្រីមាសនេះ៕
អត្ថបទ៖ ប៊ី


