បេសកកម្មគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាទៅអាម៉េរិក និងកាណាដា ទទួលផ្លែផ្កាច្រើនចំណុច

កាលពី​ចុង​ខែ​តុលា រហូត​ដល់​ដើម​ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ គណៈប្រតិភូ​សមាគម​ឧកញ៉ាកម្ពុជា បាន​អម​ដំណើរ​ឧបនាយក​រដ្ឋមន្ត្រី អនុប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ស៊ុន ចាន់ថុល ក្នុង​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កាណាដា។

តាមដានជាមួយយើង៖ Million Times

ក្នុង​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ​នៅ​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កាណាដា លោក​អ្នក​ឧកញ៉ា លី យ៉ាងផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា បាន​ចាត់តាំង​អ្នក​ឧកញ៉ា សៀ ឬទ្ធី អនុ​ប្រធាន និង​ជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​សាធារណៈ អន្តរជាតិ និង​ទេសចរណ៍​ធ្វើ​ជា​តំណាង ដើម្បី​ដឹកនាំ​គណៈ​ប្រតិភូ​សមាគម​ឧកញ៉ា​កម្ពុជា រួម​មាន​អ្នក​ឧកញ៉ា លី សុភាព, អ្នក​ឧកញ៉ា លីម តារារិទ្ធ និង​លោក អ៊ឹង វីរៈ អម​ដំណើរ​ឧបនាយក​រដ្ឋមន្ត្រី អនុប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

សម្រាប់​បេសកកម្ម​ដែល​គណៈ​ប្រតិភូ​សមាគម​ឧកញ៉ា​កម្ពុជា​បាន​បំពេញ​នៅ​ទីក្រុង​ឡូសអែន​ជឺឡេស, ឈីកាហ្គោ និង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាម៉េរិក បាន​ចូលរួម​កិច្ច​ពិភាក្សា សំណេះសំណាល និង​សម្ដែង​ការ​គួរសម ១១ សកម្មភាព​សំខាន់ៗ។

ដោយ​ឡែក​ក្នុង​ពេល​បំពេញ​ បេសកកម្ម​ទៅ​កាន់​ប្រទេស​កាណាដា គណៈ​ប្រតិភូ​សមាគម​ឧកញ៉ា​កម្ពុជា​បា​ចូលរួម​សកម្មភាព​សំខាន់ ១០។

តាមរយៈ​បេសកកម្ម​ទៅ​កាន់​អាម៉េរិក និង​កាណាដា គណៈប្រតិភូ​សមាគម​ឧកញ៉ា​កម្ពុជា​ទទួល​បាន​ផ្លែផ្កា ២ ធំ​ៗ ទី​១អ្នក​ឧកញ៉ា សួរ វីរៈ ទទួល​បាន​ការ​ព្រមព្រៀង និង​គ្រោង​នាំ​អង្ករ​កម្ពុជា ដើម្បី​នាំ​យក​ទៅ​លក់​សាកល្បង​នៅ​លើ​ទីផ្សារ​អាម៉េរិក និង​កាណាដា ហើយ​ធុរជន​ប្រទេស​ទាំង ២ បង្ហាញ​ការ​គាំទ្រ​ក្នុង​ការ​ទទួល​ទិញ​យក​រាល់​ផលិតផល​ខ្មែរ​ទាំងអស់ អាច​នាំ​ចេញ​បាន​ដូចជា​ស្វាយ​ចន្ទី និង​ផលិតផល​អាហារ​ផ្សេង​ៗ​ទៀត។

ចំណែកទី​២ បាន​ចែក​រំលែក​អំពី​សាវតារ​បេសកកម្ម និង​តួនាទី​ស្នូល​របស់​សមាគម ដែល​ជា​បណ្ដុំ​ធុរជន​មាន​សក្ដានុពល ព្រម​ទាំង​កសាង​បណ្ដាញ​ការ​បង្កើត​យន្តការ​ទំនាក់ទំនង និង​ផ្គូផ្គង​ធុរកិច្ច​ជាមួយ​ស្ថាប័ន/ សភាពពាណិជ្ជកម្ម/​វិស័យ​ឯកជន៕

អត្ថបទ៖ឆដា, រូបភាព៖ សមាគមឧកញ៉ាកម្ពុជា