គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលនឹងចាក់បញ្ចូលទុនវិនិយោគសរុបប្រមាណជិត ២០០ លានដុល្លារអាម៉េរិក ទៅខេត្តកំពត និងកំពង់ស្ពឺ។
កិច្ចប្រជុំច្រកចេញ-ចូលតែមួយនេះ ត្រូវបានឡើងកាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៩៥ លានដុល្លារអាម៉េរិក នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ, ព្រមទាំងអាចបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើនផលិតផលក្នុងស្រុក, បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ មានទីតាំងស្ថិតនៅស្រុកជុំគីរី ខេត្តកំពត និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ មានចំនួន ៥៧ តំបន់សេដ្ឋកិច្ចពិសេស និងកំពុងដំណើរការមានចំនួន ៣២ តំបន់ ក្នុងនោះ ២៧ តំបន់ បានបង្កើតជារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងត្រូវការជាចាំបាច់នូវមន្រ្តីរាជការដើម្បីបម្រើការងារបន្ថែមទៀត។ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។
សម្រាប់ក្នុងរយៈពេល ១០ ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កិម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,២ ពាន់លានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល ១០ ខែ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១ គម្រោង៕


