ADB៖ ពន្ធគយអាមេរិក ១៩% នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជា

ឯកសារស្រាវជ្រាវគោលនយោបាយ ចេញផ្សាយនៅថ្ងៃនេះ  (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥) ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គម នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។

ឯកសារស្រាវជ្រាវ ដែលមានចំណងជើង ផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា នេះត្រូវបានចងក្រងដោយមានការគាំទ្រពី វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

ឯកសារនេះពិនិត្យលើករណីកម្រិតពន្ធគយចំនួនបីគឺ ទាប (១០%) មធ្យម (១៩%) និងខ្ពស់ (៣៦%) និងផលប៉ះពាល់របស់វាដល់កំណើនសេដ្ឋកិច្ច ការងារ ភាពក្រីក្រ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា។ ការវិភាគបង្ហាញថាពន្ធគយ ១៩% ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសម្រេចបានពីការចរចាទ្វេភាគី ក្នុងខែសីហា ឆ្នាំ២០២៥ នេះ នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ 

តាមដានជាមួយយើង៖ Million Times

ប៉ុន្តែការស្រាវជ្រាវនេះក៏រំលេចដែរថា ស្ថានភាពនៅតែមិនច្បាស់លាស់ និងផុយស្រួយ។ ពន្ធគយខ្ពស់នឹងពន្យឺតកំណើនសេដ្ឋកិច្ចជិត ១ ភាគរយ ធ្វើឱ្យពលរដ្ឋប្រមាណ ១00.000 អត់ការងារធ្វើ និងបង្កើនអត្រាភាពក្រីក្រលើសពី ១ ភាគរយ ដែលអាចទាញថយក្រោយនូវការវិវត្តថ្មីៗរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ។ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិច ដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យដែលមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្ម និងសេវាកម្មទូទៅ។

សេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ដែលជាអ្នកដឹកនាំចងក្រងឯកសារស្រាវជ្រាវនេះមានប្រសាសន៍ថា «មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល និង វិស័យឧស្សាហកម្មកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថា ពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ ប៉ុន្តែអត្រាពន្ធ ១៩% ក្នុងពេលបច្ចុប្បន្នគឺមិនអីទេ។»

ឯកសារស្រាវជ្រាវនេះប្រើប្រាស់គំរូសិក្សាសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយរបស់សាកលវិទ្យាល័យ Victoria និងទិន្នន័យអង្កេតគ្រួសារចុងក្រោយបង្អស់ពីវិទ្យាស្ថានជាតិស្ថិតិរបស់កម្ពុជា។ ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថា បើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះ     បណ្តោះអាសន្ន រួមមានជំនួយសង្គម សេវាកម្មការងារ និងកម្មវិធីបណ្តុះបណ្តាល អាចត្រូវបានពង្រឹងដើម្បីសម្រួលការប្រែប្រួលទីផ្សារការងារ និងការពារពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងរយៈពេលវែងជាងនេះ ការ វិនិយោគដែលកំពុងបន្ត លើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច តាមរយៈហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកំណែទម្រង់អាជីវកម្ម នឹងកសាងភាពធន់របស់កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

អត្ថបទ៖ ប៊ី