ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជាបានស្រូបទាញគម្រោងវិនិយោគជាង ៥៧០ គម្រោង ដែលបានសម្រេចបោះទុនវិនិយោគប្រមាណ ៩,២ ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ៤០០ ពាន់កន្លែង។ នេះបើយោងតាមការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីថ្មីៗនេះ។
ក្នុងខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២៩ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ១,៤ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។
ក្នុងរយៈពេល ១០ ខែនៃ ឆ្នាំ២០២៥នេះ គ.វ.ក. បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,២ ពាន់លានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល ១០ ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១ គម្រោង៕
អត្ថបទ៖ ប៊ី


