កម្ពុជាកំពុងពន្លឿនការផ្លាស់ប្តូរទៅរកកំណើននៃឧស្សាហកម្មកាន់តែបៃតង និងវិលជុំ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រសាសន៍ថា ឧស្សាហកម្មដែលកាន់តែបៃតង និងវិលជុំ (ចក្រា) ជាប្រភពកំណើនគន្លឹះ ក្រោយកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

 ឯកឧត្តម ហែម វណ្ណឌី បានប្រសាសន៍ដូច្នេះ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នាឱកាស អញ្ជើញផ្តល់បទអន្តរាគមន៍ក្នុង “​កិច្ច​ប្រជុំ​កំពូល​ពិភពលោកស្តីពីរបៀបវារៈ​បៃតង និង​និរន្តរភាព ​ឆ្នាំ២០២៥” ដោយរំលេចពីការខិតខំរបស់កម្ពុជាដើម្បីពន្លឿនការផ្លាស់ប្តូរ​ឆ្ពោះទៅរកកំណើននៃឧស្សាហកម្មដែលកាន់តែបៃតង វិលជុំ និងជំរុញដោយបច្ចេកវិទ្យា ទន្ទឹមនឹងនោះត្រៀមលក្ខណៈសម្រាប់ការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។ 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ជា​មួយ​នឹងទំនួលខុសត្រូវបរិស្ថាន និងការរំពឹងទុកកាន់តែខ្ពស់ពីទីផ្សារ ដោយបញ្ជាក់ថា៖ “បញ្ហាចំពោះមុខ មិនមែនថាតើយើងត្រូវធ្វើឧស្សាហូបនីយកម្ម ឬមិនធ្វើនោះទេ ប៉ុន្តែថាតើយើងធ្វើឧស្សាហូបនីយកម្មយ៉ាងដូចម្តេចឱ្យមាននិរន្តរភាព ដើម្បីធានាថា នវានុវត្តន៍ឧស្សាហកម្មដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន។”

តាមដានជាមួយយើង៖ Million Times

ឯកឧត្តមក៏បានរំលេចនូវកំណែទម្រង់ និងឧបករណ៍គោលនយោបាយសំខាន់ៗរបស់កម្ពុជា រួមទាំងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលគាំទ្រការកាត់បន្ថយកាបូន បង្កើនប្រសិទ្ធភាពធនធាន និងភាពប្រកួតប្រជែង។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបានកំណត់ទិសដៅច្បាស់លាស់ឆ្ពោះទៅការកសាងភាពប្រកួតប្រជែងឧស្សាហកម្ម តាមរយៈការអនុវត្តគោលការណ៍និរន្តរភាព និងនវានុវត្តន៍ ដោយលើកកម្ពស់រោងចក្រឆ្លាតវៃ ពង្រឹងស្វ័យប្រវត្តិកម្ម និងរួមបញ្ចូលបច្ចេកវិទ្យាលេចធ្លោថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ទៅក្នុងខ្សែច្រវាក់ផលិតកម្ម។

ឯកឧត្តមក៏បានលើកឡើងពីកំណើននៃការវិនិយោគថ្មីៗក្នុងផលិតកម្មបៃតង រួមទាំងគម្រោងបច្ចេកវិទ្យារថយន្តថាមពលថ្មីនៅរាជធានីភ្នំពេញ និងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រមទាំងបានទទួលស្គាល់តួនាទីរបស់ដៃគូ ដូចជា UNIDO, SWITCH-Asia និង APO ក្នុងការជួយគាំទ្ររោងចក្រនៅកម្ពុជាឱ្យកាត់បន្ថយការបំភាយឧស្ម័ន និងចំណាយប្រតិបត្តិការ ទន្ទឹមនឹងនោះកែលម្អសុវត្ថិភាព និងពង្រឹងជំនាញនៅនឹងកន្លែងធ្វើការ។

កម្ពុជាគ្រោងនឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅខែធ្នូ ឆ្នាំ២០២៩ ហើយការផ្លាស់ប្តូរនេះនឹងនាំមកនូវលក្ខខណ្ឌតម្រូវថ្មីសម្រាប់ឧស្សាហកម្មក្នុងស្រុក ពោលគឺខ្សែច្រវាក់ផលិតកម្មសកលដែលមាន “តម្លៃបន្ថែមខ្ពស់ និងបញ្ចេញកាបូនទាប” ដោយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារ ប្រព័ន្ធតាមដានប្រភពទំនិញ និងការអភិវឌ្ឍមូលធនមនុស្ស។

កិច្ចប្រជុំកំពូលពិភពលោកស្តីពីរបៀបវារៈបៃតង និងនិរន្តរភាពឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច អង្គការពហុភាគី និងអ្នកជំនាញផ្នែកនិរន្តរភាពមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិក ជាវេទិកាសម្រាប់កិច្ចសន្ទនា និងពង្រឹងភាពជាដៃគូលើការអភិវឌ្ឍដែលឆ្លាតវៃនឹងអាកាសធាតុ ការកាត់បន្ថយកាបូន ការវិនិយោគលើសេដ្ឋកិច្ចវិលជុំ (ចក្រា) និងអនាគតនៃឧស្សាហូបនីយកម្មប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ ប៊ី