កំពង់ផែទឹកជ្រៅ​​ក្រុងព្រះសីហនុ សម្រេច​បាន ៤៧% នៃផែនការដើម

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កិច្ច​ប្រជុំ​ប្រចាំខែ​តុលា​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​វឌ្ឍនភាព និង​សុវត្ថិភាព​ការដ្ឋាន​សាង​​សង់​នៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ទឹកជ្រៅ​ថ្មី-ជំហាន​ទី ១ នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ សម្រេច​បាន​ជាង ៤០ ភាគរយ​ហើយ។

តាមដានជាមួយយើង៖ Million Times

អគ្គនាយករង​ទទួល​បន្ទុក​បច្ចេកទេស​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ លោក ទី សាគុណ កាលពី​ថ្ងៃ​៣០ ខែ​តុលា ឆ្នាំ ២០២៥ បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ខែ ដើម្បី​តាមដាន​ត្រួតពិនិត្យ​ពី​ដំណើរការ​សាងសង់​នៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ទឹកជ្រៅ​ថ្មី-ជំហាន​ទី ១ ជាមួយ​ក្រុមហ៊ុន​សាងសង់ TOA Corporation និង​ក្រុមហ៊ុន​ទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។

គិត​​រហូត​ដល់​ដំណាច់​ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ ដំណើរការ​សាងសង់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ជំហាន​ទី ១ សម្រេច​បាន ៤៧,៩០% ខណៈ​តាម​ផែនការ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៨ដែល​​អាច​​ឲ្យ​នា​វា​ប្រមាណ ៩៣ ភាគរយ ក្នុង​តំបន់​ចូល​ចត​បាន​។

រីឯ​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ជំហាន​ទី ២ និង​ជំហានទី៣ នឹង​ពង្រីក​តាម​ដំណាក់កាល​បន្តបន្ទាប់ ហើយ​ក្រោយ​បញ្ចប់​ទាំង ៣ ដំណាក់កាល ទំនិញ​​​ពី​កម្ពុជា​អាច​ដឹក​ចេញ​ដោយ​ផ្ទាល់​​ទៅ​​កំពង់ផែ​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក មិន​ចាំបាច់​ឆ្លងកាត់​បណ្ដា​កំពង់ផែ​​ប្រទេស​នៅ​ក្នុង​តំបន់​ទៀត​ឡើយ។

រដ្ឋាភិបាល​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​​ខេត្ត​ព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ