គម្រោងចំនួន ៨  ក្រោមទុនជាង ៧៤ លានដុល្លារ ដាក់ស្នើសុំការអនុម័តពី CDC

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៦ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤,៣ លានដុល្លារអាម៉េរិក។

កិច្ចប្រជុំច្រកចេញចូលតែមួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

តាមដានជាមួយយើង៖ Million Times

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤,៣ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។

គម្រោងវិនិយោគទាំង ៨ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕

អត្ថបទ៖ ប៊ី