ថ្មីៗនេះសេដ្ឋិនី ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ បានហោះទៅទីក្រុងប៉ារីសដើម្បីជួបចរចាជាមួយអ្នករៀបចំកម្មវិធីសិល្បៈ វប្បធម៌ខ្មែរ ជាអាណិកជនខ្មែររស់នៅលើទឹកដីបារាំងមួយរូប។

ប្រធានសមាគមសិល្បករខ្មែរដែលមហាជនអ្នកសិល្បៈ និងអ្នកនៅក្នុងពិភពជំនួញស្គាល់យ៉ាងច្បាស់ជាសេដ្ឋិនី ម៉ៅ ចំណាន ភរិយាបណ្ដូលចិត្តមហាសេដ្ឋី គិត ម៉េង បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សារៈសំខាន់មួយត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសនាចុងឆ្នាំ ២០២៥ នេះ។

ផេកផ្លូវការសមាគមសិល្បករខ្មែរបានបង្ហាញពីសកម្មភាព អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម៉ៅ ចំណាន បានដឹកនាំក្រុមការងារដោយផ្ទាល់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយនាចុងឆ្នាំនេះ។

សេដ្ឋិនី ម៉ៅ ចំណាន តាមរយៈកិច្ចពិភាក្សាដែលចូលរួមដោយផ្ទាល់ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាមួយលោក តារា ថុង ដែលលោកគឺជាអ្នកផ្ដួចផ្ដើមកម្មវិធីវប្បធម៌ខ្មែរជាច្រើនលើទឹកដីនៃប្រទេសបារាំង ហើយជា Founder កម្មវិធី The Sabay Festival ផងដែរ។
ក្នុងជំនួបរវាងប្រធានសមាគមសិល្បករខ្មែរ និងអណិកជនខ្មែរលោក តារា ថុង កាលពីពេលថ្មីៗនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈពិសេសនាចុងឆ្នាំ ២០២៥ លើទឹកដីនៃទីក្រុងប៉ារីស ប្រទេសបារាំង។

គួរបញ្ជាក់ផងដែរថា កាលពីអំឡុងខែ ៣ឆ្នាំ ២០២៥ កន្លងទៅប្រធានសមាគមសិល្បករខ្មែរបានអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងបេសកកម្មទៅកាន់ប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានសម្ដែងនៅប្រទេសបារាំងជាច្រើនឆ្នាំ៕
អត្ថបទ៖ ឆដា, រូបភាព៖ សមាគមសិល្បករខ្មែរ


