ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានប្តេជ្ញាចិត្តរយៈពេលវែងរបស់ AFD ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្នុងការសម្រេចគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦.១ ដែលកំណត់ថាប្រជាពលរដ្ឋទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ បានទទួលជួបតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សាអំពីជំហ៊ានបន្ទាប់ក្នុងការពង្រឹងអភិបាលកិច្ច កសាងសមត្ថភាព និងកែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា។
ក្នុងកិច្ច្ពភាក្សានេះ ក្រុមបេសកកម្មវាយតម្លៃ និងត្រួតពិនិត្យគម្រោងរបស់ AFD បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសំខាន់ៗ រួមទាំងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាខែង ជំហានទី ៣ និងគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប។


ក្រុមបេសកកម្មក៏បានពិភាក្សាអំពីកិច្ចសហការអនាគត ក្រោមក្របខ័ណ្ឌ Team Europe ដោយសង្កត់ធ្ងន់លើការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងការសម្របសម្រួលអន្តរក្រសួង ដើម្បីសម្រេចបាននូវភាពធន់នៃវិស័យទឹកស្អាតសម្រាប់រយៈពេលវែង។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត រួមទាំងតាមរយៈការរៀបចំបង្កើតនិយតករទឹកស្អាតជាតិនាពេលខាងមុខ។
ឯកឧត្តមបានលើកឡើងថា៖ “យើងមិនអាចចម្លងគំរូនិយតកររបស់យើងពីប្រទេសផ្សេងបានទេ។ កម្ពុជាត្រូវតែអភិវឌ្ឍគំរូផ្ទាល់ខ្លួន ដែលមានលក្ខណៈសមស្របនិងប្រព័ន្ធអភិបាលកិច្ច និងស្ថានភាពជាក់ស្តែងក្នុងប្រទេស។ ទឹកស្អាតត្រូវតែក្លាយជាសរសៃឈាមបម្រើសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ប្រជាជនយើង។”
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ សម្រាប់វិស័យនេះ និងភាពចាំបាច់ក្នុងការគាំទ្ររដ្ឋាករទឹកដែលទើបង្កើតថ្មី ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជន ដែលត្រូវពង្រឹងប្រសិទ្ធិភាព និងកែលម្អសេវា។
ឯកឧត្តមបានបន្ថែមថា៖ “យើងត្រូវផ្តល់ពេលវេលា និងការគាំទ្រដល់រដ្ឋាករទឹកថ្មី។ ជំហានបន្ទាប់គឺការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាព ដើម្បីរដ្ឋាករទឹកទាំងនោះអាចទាក់ទាញការវិនិយោគបន្ថែម និងអាចក្លាយជាស្ថាប័នរឹងមាំ និងមាននិរន្តរភាព។”
លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានបញ្ជាក់ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ AFD ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កិច្ចសហការលើការកែទម្រង់គោលនយោបាយ ការបណ្តុះបណ្តាល និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គឺជាគន្លឹះសម្រាប់ការពង្រីកលទ្ធភាពទទួលសេវា។
ជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស ទីភ្នាក់ងារ AFD និងសហភាពអឺរ៉ុប នឹងចាប់ផ្តើមផ្តល់អាហារូបករណ៍ក្រោមកម្មវិធី European Global Gateway Scholarships ពីខែកញ្ញា ឆ្នាំ២០២៦ ដោយ ជ្រើសរើសនិស្សិតកម្ពុជាក្រុមទី១ ចំនួន ៣០ នាក់ ឱ្យទៅបន្តការសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យទឹកស្អាតនៅទ្វីបអឺរ៉ុប។
ភាគីទាំងអស់បានប្តេជ្ញាសហការលើការកែទម្រង់វិស័យ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្នុងការសម្រេចគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦.១ ដែលកំណត់ថាប្រជាពលរដ្ឋទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០៕
អត្ថបទ៖ ប៊ី