ប្រភេទអចលនទ្រព្យ ដែលនៅតែមានតម្រូវការ ឬអ្នកទិញ បេីទោះបីជាវិស័យអចលនទ្រព្យនៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងក៏ពិតមែន

អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ក្រអូប​សុះសាយ អ្នកឧកញ៉ា សំ សុខនឿន និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group ក៏​មាន​អចលនទ្រព្យ​ផ្ទាល់​ខ្លួន​ជាច្រើន​កន្លែង​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ ១៥ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group បាន​​ចូលរួម​ពិធី​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ​ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​គណៈ​ប្រតិភូ​សមាគម​ឧកញ៉ា​កម្ពុជា ក្រោយ​ចប់​កម្មវិធី​ក៏​បាន​ជួប​សំណេះ​សំណាល​ការងារ​ខ្លះ​ជាមួយប្រតិភូសមាគម ទាក់ទងនឹងវិស័យអចលនវត្ថុនៅកម្ពុជាពេលបច្ចុប្បន្ន។

សម្រាប់​អ្នកឧកញ៉ា​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​ក្រូចឆ្មារ​រូបនេះ បាន​លើក​ឡើង​ថា ទោះ​ជា​វិស័យ​អចលនទ្រព្យ​កំពុង​ជាប់​គាំង​ក៏​ពិតមែន តែ​ផ្នែក​ខ្លះ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ទីផ្សារ​ដដែល។ ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group បាន​លើក​យក​ប្រភេទអចលនទ្រព្យ​​ទាំង​ក្នុង​​​ភ្នំពេញ និង​ជាយ​ក្រុងដែលនៅតែមានតម្រូវការជាបន្តបន្ទាប់។

បច្ចុប្បន្នប្រភេទ​​អចលនទ្រព្យ​ខ្លះនៅតែមានតម្រូវ ឬនៅតែមានអ្នកទិញ ​ជា​ប្រចាំ។ ខាងក្រោម​នេះ​ជាប្រភេទអចលនទ្រព្យដែលនៅតែមានតម្រូវការ ឬអ្នកទិញ បេីទោះបីស្ថានភាពអចលនទ្រព្យមិនទានមានភាពល្អប្រសេីរនៅឡេីយ៖

១. សម្រាប់​ដី​​ឧស្សាហកម្ម ដី​សម្រាប់​រោងចក្រ និង​ឃ្លាំង នៅមាន​តម្រូវ​ការ​ជា​បន្តបន្ទាប់ តែដីនោះជាដីដែលមាន​តម្លៃ​ក្រោម ១០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

២. ឃ្លាំង និងរោងចក្រសម្រាប់ជួល​នៅតែមានអ្នកជួល ដោយ​អាច​ជួល​ពី​តម្លៃ ១.៦ ដុល្លារ -២.២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

៣. ដី​ក្នុង​ទី​ក្រុងភ្នំពេញ បើលក់តម្លៃ ៥០% ឬ៦០% ក្រោម​ទីផ្សារ​នៅតែ​មាន​អ្នក​ទិញ។

៤. ផ្ទះតម្លៃក្រោម ៦ម៉ឺន​ដុល្លារ នៅ​ទីក្រុង​ភ្នំពេញ នៅ​តែ​មាន​អ្នក​ទិញ​រស់នៅ​ផ្ទាល់​ខ្លួន។

៥. ផ្ទះ​វីឡា​តម្លៃ​ថ្លៃ​ក្នុង​បុរី​នៅ​តែ​មាន​អ្នក​ទិញ សម្រាប់​រស់នៅ​ផ្ទាល់​ខ្លួន តែ​មិនមែន​ទិញ​សម្រាប់​ទុក​ចំណេញ​ទៀត​ទេ។

៦. ខុនដូ​តម្លៃ​សមរម្យ ក្រោម៥ម៉ឺន​ដុល្លារ​ក្នុង​ទីក្រុង​ភ្នំពេញ នៅតែ​មាន​អ្នក​ទិញ។

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ