ក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមការងារអន្តរក្រសួង គ្រោងបង្កើតនិយតករទឹកស្អាតនៅកម្ពុជា ដែលជាអាទិភាពកំណែទម្រង់សំខាន់មួយ ដែលត្រូវបានចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។

គម្រោងបង្កើតនិយតករទឹកស្អាតសម្រាប់កម្ពុជានេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងមានការចូលរួមពីតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការបង្កើតនិយតករទឹកស្អាតមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវនិរន្តរភាព ប្រសិទ្ធភាព និងភាពយុត្តិធម៌នៃការទទួលបានសេវាទឹកស្អាតនៅកម្ពុជា។

 ឯកឧត្តម​បាន​បន្ថែម​ថា​ ៖«​ទឹក​ស្អាត​ប្រៀបដូច​ជា​សរសៃ​ឈាមនៃ​សេដ្ឋកិច្ច​របស់​យើង ដែលគាំទ្រ​ឧស្សាហកម្ម ​ពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំង​លើកកម្ពស់សុខភាព​សាធារណៈ​ និងដោះស្រាយតម្រូវការចាំបាច់ប្រចាំថ្ងៃ»។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំនេះ តំណាងធនាគារពិភពលោកបានបង្ហាញគំរូនិយតករក្នុងវិស័យផ្សេងៗនៅកម្ពុជា ព្រមទាំងគំរូនិយតករទឹកស្អាតនៃបណ្តាប្រទេសនៅលើពិភពលោក ពិសេសប្រទេសព័រទុយហ្គាល់ ដែលក្រុមហ៊ុនទឹកស្អាតរបស់រដ្ឋ និងនិយតករទឹកស្អាតជាតិព័រទុយហ្គាល់ ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីជំរុញកំណែទម្រង់វិស័យទឹកស្អាតរបស់ខ្លួនប្រកបដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ដែលទើបបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសព័រទុយហ្គាល់ បានលើកឡើងថា ៖ «ព័រទុយហ្គាល់មានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ២០០ អង្គភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង។ ចំណែកនៅកម្ពុជា ក្នុងចំណោមអាជ្ញាប័ណ្ណផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ៥០០ មានតែ ១១ ស្ថាប័នប៉ុណ្ណោះដែលជារដ្ឋាករទឹកសាធារណៈ ក្រៅពីនោះ ភាគច្រើនជាប្រតិបត្តិករឯកជនខ្នាតតូច។ ដូច្នេះ គំរូនិយតករទឹកស្អាតរបស់យើងត្រូវតែមានលក្ខណៈសមស្របទៅនឹងស្ថានភាព និងតថភាពជាក់ស្តែងរបស់ប្រទេសយើង»។

កិច្ចប្រជុំក៏បានពិនិត្យពិភាក្សាគំរូអភិបាលកិច្ច សិទ្ធិនិងអំណាច វិសាលភាព និងទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ សម្រាប់និយតករទឹកស្អាតរបស់កម្ពុជា ដើម្បីស្នើសុំការសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានបង្ហាញការគាំទ្រចំពោះការអនុវត្តវិធីសាស្រ្តសន្សឹមៗ តាមដំណាក់កាល ដើម្បីធានាបាននូវទំនុកចិត្ត តម្លាភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ ប៊ី