កម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម។
ការបន្តជំរុញកិច្ចសហការប្រតិបត្តិការនេះ ត្រូវធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា nigឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមបណ្ឌិត Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា ព្រោះឯកឧត្តមបណ្ឌិតធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពី១០ឆ្នាំមុន។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។
ឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី ៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។


ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
សម្តេចធិបតី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ សម្តេចបវរធិបតីបានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា រួមទាំងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (regional logistic hub)។
សម្តេចធិបតី និងឯកឧត្តមប្រធាន JICA ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា និងឌីជីថលូបនីយកម្ម ក៏ដូចជាការបន្តលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានលើកទឹកចិត្តទីភ្នាក់ងារ JICA បន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជំរុញឱ្យគម្រោងទាំងនោះទទួលបានជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានអរគុណកម្ពុជា ដែលជាប្រទេសទី ១ ក្នុងការទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV)។ សម្តេចបវរធិបតីក៏បានសម្តែងការអបអរសាទរខួប ៦០ ឆ្នាំ នៃអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងក្របខណ្ឌJOCV នៅកម្ពុជា នាឆ្នាំនេះ៕
អត្ថបទ៖ ប៊ី