ពន្ធដារប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យដល់ចុងឆ្នាំ ២០២៥ នេះ

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសថា នឹងពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ខណៈមានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់នៅភ្នំពេញ និងបណ្តាខេត្តទាំងអស់ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងទៀតថា អនុវត្តតាមច្បាប់នឹងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ ដូចតទៅ “ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជី និងប្រកាសបង់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យ ដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។”។

តាមដានជាមួយយើង៖ Million Times

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលន ទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារពាណិជ្ជ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store សម្រាប់អចលនទ្រព្យ ដែលធ្លាប់បានប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមក GDT Call Center (១២៧៧) ឬ GDT Live Chat រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕

អត្ថបទ៖ ប៊ី