ការធ្វើពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត ៤៧ ពាន់លានដុល្លារ

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ ៤៦,៩ ពាន់លានដុល្លារ ក្នុងពេល ៣ ត្រីមាស ឆ្នាំ ២០២៥ កើនឡើង ១៤,៨ ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ ការនាំចូលមានទឹកប្រាក់ចំនួន ២៤,៦ពាន់លានដុល្លារ កើនឡើង ១៦,៦ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី​ ១០ ខែតុលា ឆ្នាំ ២០២៥។

របាយការណ៍ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងរយៈពេល ៩ ខែនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ២២,៣ ពាន់លានដុល្លារ កើនឡើង ១២,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែរការនាំចេញទៅកាន់ទីផ្សារអាមេរិកមានការនាំមុខ។ 

តាមដានជាមួយយើង៖ Million Times

សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ ៩,២ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ, ចិនមានតម្លៃជាង ១,១ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧ ភាគរយ, និងវៀតណាមមានតម្លៃជាង ២,៩ ពាន់លានដុល្លារ កើនឡើង ៧,៨ ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។

សម្រាប់ទំនិញ ដែលកម្ពុជានាំចេញ មានដូចជា សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ 

ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត៕

អត្ថបទ៖ ប៊ី