រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ២ លាននាក់ មានការកើនឡើង ០,៥២% បើប្រៀបធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ មានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍ជាច្រើន។
ថ្លែងក្នុងទិវាទេសចរណ៍ពិភពលោកលើកទី ៤៥ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” កាលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅបរិវេណឆ្នេរព្រែកំពង់បាយ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ការប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី ៤៥ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នាពេលនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ខេត្តកំពត ដល់ភ្ញៀវជាតិ អន្តរជាតិដោយផ្ទាល់ និងតាមគ្រប់មធ្យោបាយប្រពន្ធផ្សព្វផ្សាយសង្គម។
លោកប្រធានមន្ទីរបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត សមិទ្ធិផលទេសចរណ៍ឯកថ្មីៗ ដែលទាក់ទាញបំផុតបានលេចចេញជារូបរាងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់។
លោកបានបញ្ជាក់ថា រយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៩ លាននាក់ មានការកើនឡើង ០,៥២% បើប្រៀបធៀបនឹង ៩ ខែ ឆ្នាំ ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,៨ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១០៣,៤៣៣ នាក់ មានការកើនឡើង ២៥,០១% បើប្រៀបធៀបនឹង ៩ ខែ ឆ្នាំ ២០២៤។
សូមបញ្ជាក់ថា ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២ កន្លែង ដែលកំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣ បន្ទប់។


នាឱកាសនោះដែរ អភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សេវាករ ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្ត ដែបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ ក្នុងការរក្សាបាននូវស្ថេរភាពតម្លៃ គុណភាព និងសេវាកម្មស្នាក់នៅ ដែលកត្តាទាំងនេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ ហើយបានជំរុញឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងន័យដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានថ្លែងដូច្នេះថា ជាក់ស្តែងសមិទ្ធិផល ដែលយើងទទួលបានពីវិស័យទេសចរណ៍ក្នុងខេត្ត គឺផ្តើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសវិស័យឯកជនដែលមានដូជា ម្ចាស់សណ្ឋាគារ បឹងហ្គាឡូ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដែលបានរួមសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការអនុវត្តនូវគោលការណ៍រួមពាក់ព័ន្ធនឹងការមិនតម្លើងថ្លៃសេវាកម្មទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារការួមគ្នាអនុវត្តន៍នូវគោលការណ៍រួមនេះហើយ ទើបធ្វើឱ្យខេត្តមានកំណើនភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់ មិនតែប៉ុណ្ណោះបានធ្វើឱ្យខេត្តមានឈ្មោះល្បាញល្បីលើវិស័យទេសចរណ៍នេះ។
ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់សេវករ និងអ្នកផ្តល់សេវាផ្នែកទេសចរណ៍ក្នុងខេត្តទាំងអស់ សូមបន្តរក្សាឱ្យបាននូវភាពថ្លៃថ្នូរ ភាពជាម្ចាស់ និងធ្វើការងារបដិសណ្ឋារកិច្ចឱ្យបានល្អបន្តទៀត ដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសរជាតិ អន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្ត ព្រមទាំងរួមគ្នាធ្វើឱ្យខេត្តកំពតមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពជាខេត្តទេសចរណ៍មានបដិសណ្ឋារកិច្ចល្អ៕
អត្ថបទ៖ ប៊ី