គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ២ នឹងបង្ហាញរូបរាងនៅស្រុកជុំគីរី និងក្រុងបូកគោ ខេត្តកំពត ខណៈគម្រោងទាំង ២ នេះ នឹងក្លាយជាកម្លាំងចលករស្រូបយកគម្រោងវិនិយោគ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” ពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគីរី និងក្រុងបូកគោ ខេត្តកំពត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសទាំង ២ នេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ និងជាទីកន្លែងដែលអាចបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កើនផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្តកំពត ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។


គិតរហូតពេលបច្ចុប្បន្ន កម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧ តំបន់ ហើយក្នុងនោះមាន ១១ តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ច។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ មានចំនួន ៥៧ តំបន់សេដ្ឋកិច្ចពិសេស និងកំពុងដំណើរការមានចំនួន ៣២ តំបន់ ក្នុងនោះ ២៧ តំបន់ បានបង្កើតជារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងត្រូវការជាចាំបាច់នូវមន្រ្តីរាជការដើម្បីបម្រើការងារបន្ថែមទៀត។ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក.) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងចំនួន ២៣១ គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៩ ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ ២០២៤ រហូតដល់ទៅ ១៣២ គម្រោង៕
អត្ថបទ៖ ប៊ី