ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជារំពឹងថានឹងបន្ដមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំនេះ

កម្ពុជារំពឹងថានឹងបន្ដមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ ២០២៥ នេះ ក្នុងនោះដែរផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់ប្រជាជនម្នាក់ក្នុងឆ្នាំនេះ នឹងឡើងជិតដល់ ៣ ០០០ ដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តម វង្សី វិស្សុត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធី “ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លួវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភា” នៅថៃ្ងទី​ ០៩ ខែតុលា ​ឆ្នាំ ២០២៥។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា រយៈពេលេជិត ៣ ទសវត្សរ៍កន្លងទៅ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា កម្ពុជាបានរក្សានូវសុខសន្តិភាព ឯកភាពជាតិ  ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់កសាងនិងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

តាមដានជាមួយយើង៖ Million Times

ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលកន្លងមក បានដាក់ចេញនិងអនុវត្តយុទ្ធសាស្រ្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីនានាជាបន្តបន្ទាប់ ប្រកបដោយស្មារតីបុរេសកម្ម និងជាពិសេស​យុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់មុខស្រួចលើវិស័យសំខាន់ៗ, កម្ពុជា បានប្រែមុខមាត់ឡើងវិញ ដោយសម្រចបាននូវសមិទ្ធផលធំៗ រួមមាន (១) កំណើនសេដ្ឋកិច្ចក្នុងអត្រាប្រចំាឆ្នាំជាមធ្យម ៧% និង ការកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា មកក្នុងរង្វង់ ១០% នៅពេលមុនវិបត្តិជំងឺកូវីដ-១៩, (២) ការចាកចេញពីប្រទេសចំណូលទាបមកជាប្រទេសចំណូលមធ្យមកម្រិតទាប និង (៣) ការកើនឡើងនូវវិនិយោគបរទេសដែលជាប្រភពនៃការបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ ជាដើម។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍បន្ថែមថា យ៉ាងណាមិញ បច្ចុប្បន្ននេះ កម្ពុជាកំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់និងសកល, បញ្ហាភូមិសាស្រ្តនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ក៏ដូចជា ការចាប់ផ្តើមងាកមកឯកតោភាគីនិយមរបស់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះមានដៃគូពាណិជកម្មរបស់កម្ពុជាខ្លះផង។ ក្រៅពីនេះ កម្ពុជាក៏កំពុងរងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការរឹតបន្តឹងលើការឆ្លងកាត់ព្រំដែន, ពាណិជ្ជកម្ម និងការនាំចូល ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងបង្កការរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែន។

បន្ថែមលើនេះ ការសម្រេចដាក់ពន្ធ ១៩% របស់សហរដ្ឋអាម៉េរិកមកលើការនាំចេញរបស់កម្ពុជា បាននិងកំពុងបន្តបង្កើតភាពមិនច្បាស់លាស់លើវិស័យនាំចេញរបស់កម្ពុជា ក៏ដូចជា ការទាក់ទាញការវិនិយោគថ្មីៗទៀត ទោះបីជាក្នុងពេលចំពោះមុខនេះ កម្ពុជានៅគ្រប់គ្រងស្ថានការណ៍បាននៅឡើយ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ទាំងនេះគឺជាបញ្ហាប្រឈមចំពោះមុខរបស់កម្ពុជាដែលកំពុងកើតមាននិងអូសបន្លាយ ហើយធ្វើឱ្យកម្ពុជា​ងាយរងគ្រោះ និងងាយទទួលផលប៉ះពាល់ជាអវិជ្ជមាន។ ការណ៍នេះទាមទារការដាក់ចេញនូវវិធានការគន្លឹះតាមវិស័យសំខាន់ៗ ដើម្បីដោះស្រាយកត្តាទាំងនេះ សំដៅធានាថា កម្ពុជានឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព សម្រាប់ជាតិ និងសង្គម នៅក្នុងបរិការណ៍មិនប្រាកដប្រជាច្រើន
សណ្ឋាន។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍បញ្ជាក់ថា ៖«ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កម្ពុជាបានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជាលទ្ធផល កម្ពុជាបានទទួលនូវផ្លែផ្កាមួយចំនួនគួរឱ្យកត់សម្គាល់ ដូចជា ការបន្ដសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ ប្រមាណ ៦,០% និងរំពឹងថាបន្ដកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ ២០២៥, ក្នុងនោះដែរ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់បានកើនឡើងពី ២ ៥២០ ដុល្លារអាមេរិក ក្នុង ឆ្នាំ២០២៣ ដល់ ២ ៧១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ហើយក្នុងឆ្នាំនេះ នឹងឡើងជិតដល់ ៣ ០០០ ដុល្លារអាម៉េរិក។ បន្ថែមលើនេះ រាជរដ្ឋាភិបាល​បានរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមផ្សេងៗទៀត សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»៕

អត្ថបទ៖ ប៊ី