ក.វ.ឦសាន ពិនិត្យពិភាក្សាលើការរៀបចំកិច្ចសន្យាវិនិយោគជួលទីតាំងទ្រព្យសម្បត្តិរដ្ឋ សម្រាប់វិនិយោគនៅខេត្តក្រចេះ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំកិច្ចសន្យាវិនិយោគជួលទីតាំងទ្រព្យសម្បត្តិរដ្ឋ សម្រាប់វិនិយោគនៅខេត្តក្រចេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនាថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និង សមាជិក នៃលេខាធិការដ្ឋាន ក.វ.ឦសាន តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីជួយសម្របសម្រួលនីតិវិធីជូនក្រុមហ៊ុន ក្នុងការអនុវត្តគម្រោងសាងសង់កំពង់ផែពហុបំណង ដែលមានទីតាំងស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់បម្រើដល់ការវិនិយោគ និង ការដឹកជញ្ជូនកសិផល។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ បច្ចេកទេស និង បទប្បញ្ញត្តិពាក់ព័ន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន ក.វ.ឦសាន ឱ្យធ្វើការសិក្សាស៊ីជម្រៅជាមួយ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និង ភាគីក្រុមហ៊ុន សំដៅជំរុញបញ្ចប់សេចក្តីព្រាងកិច្ចសន្យាជួលទីតាំងដីខាងលើនេះ ឱ្យបានឆាប់ ក្នុងគោលបំណងបង្កបរិយាកាសវិនិយោគក្នុងខេត្តនៃភូមិភាគឦសាន ឱ្យកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា តាមផែនការនៃគម្រោងវិនិយោគនេះ, ក្រុមហ៊ុនមានផែនការសាងសង់កំពង់ផែ និង មជ្ឈមណ្ឌលភស្តុភារកម្មទំនើប បង្កើតមណ្ឌលកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម សម្រាប់បម្រើឱ្យការនាំចេញ និងជាមជ្ឍមណ្ឌលប្រមូលទិញកសិផលរបស់ប្រជាពលរដ្ឋ នៅខេត្តតាមបណ្តោយទន្លេមេគង្គភាគខាងលើ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ជំរុញឱ្យមានសម្ទុះរីកចម្រើនលើការដឹកជញ្ជូនតាមផ្លូវទឹក នៅតាមបណ្តាខេត្តក្នុងភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា, ជាពិសេស នៅក្នុងខេត្តក្រចេះ៕

អត្ថបទ៖ ប៊ី