ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផលដំណាំទៅក្រៅប្រទេសប្រមាណជាង ១១ លានតោន ដែលអាចរកចំណូលបានជិត ៤ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ចេញផ្សាយកាលថ្មីៗនេះ។
របាយការណ៍ បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស មានបរិមាណសរុប ១១.១៣ លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥.២៨ លានតោន ស្រូវចំនួន ៥.២៤ លានតោន និងអង្ករចំនួន ៥៩៦ ៣៤៣ តោន ទៅកាន់ទិសដៅ ៨៨ ប្រទេស ដោយមានការកើនឡើងចំនួន ៣០,៤៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
របាយការណ៍ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣.៨៨ ពាន់ដុល្លារអាមេរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានចំនួន ២.៣៧ ពាន់ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ១.០៥ ពាន់ដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានចំនួន ៤៥៥.៣៨ លានដុល្លារអាមេរិក។


ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃមានចំនួន ២៥៨.៩៤លានដុល្លារអាមេរិក ស្មើនឹង ៦,៦៦% ធៀបនឹងការនាំចេញសរុប ដោយឡែក ស្រូវពុំមានការនាំចេញទៅប្រទេសថៃនោះទេ។
ការនាំចេញផលិតផលដំណាំក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ទោះបីមានកំណើនចំនួន៣០,៤៣% ក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖
-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៥៧,៦២% និងម្សៅដំឡូងមីកើនឡើងចំនួន ៨៣,៤៩% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤។
-ការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន ២៧,៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕