គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនចំនួន ២៥ ដែលបានបោះផ្សាយលក់មូលបត្រ (ផមក) និងចុះបញ្ជីលក់មូលបត្រនៅទីផ្សារមូលបត្រកម្ពុជា បានប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារអាមេរិក ហើយការប្រមូលសាច់ប្រាក់នៅ ផមក នឹងបន្តកើនឡើងបន្ថែមនៅឆ្នាំ ២០២៦។ នេះបើយោងតាម ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៥ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះ។
ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ដូច្នេះថា ៖«ជាសមិទ្ធផលទីផ្សារ គិតមកដល់បច្ចុប្បន្ន យើងមានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅ ផមក ដែលក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារអាម៉េរិក ហើយនាថ្ងៃស្អែក យើងនឹងមានការចុះបញ្ជីសញ្ញាបណ្ណចំនួន ១០០ លានដុល្លារអាមេរិកបន្ថែមទៀត»។
ឯកឧត្តម បានបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង ២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។


ចំពោះសញ្ញាបណ្ណ ដែលបានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,០១ ទ្រីលានរៀល (២,៧៥ ពាន់លានដុល្លារអាមេរិក) ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។
ចំពោះទំហំជួញដូរភាគហ៊ុន សរុបមានចំនួន ២៣១.១៨៤.៣១៩ ភាគហ៊ុន ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ៧៣.៤៣៨ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ១៣ ម៉ឺនដុល្លារអាមេរិក និងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិន ចំនួន ៦១.៣០៦។ រីឯទីផ្សារឧបករណ៍និស្សន្ទ គិតត្រឹមត្រីមាសទី២ ឆ្នំា២០២៥ មានទំហំជួញដូរ សរុបចំនួន ១,៧ លានឯកតាជួញដូរ និងមានតម្លៃជួញដូរ សរុបចំនួនប្រមាណ ២ ពាន់លានដុលា្លរអាមេរិក។
ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងថា ព្រមជាមួយនឹងសមិទ្ធផលទាំងនេះ វិស័យមូលបត្រក៏ប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ ទំហំទីផ្សារមានទំហំតូច សន្ទនីយភាពទីផ្សារទាប ការចូលរួមរបស់វិនិយោគិនស្ថាប័នក្នុងស្រុកនៅមានកម្រិត និងការយល់ដឹងអំពីវិស័យមូលបត្រនៅមានកម្រិតជាដើម។
ឯកឧត្តម បានបន្តថា ដូចនេះ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ភាពធន់ ជវភាព បរិយាបន្ន និរន្តរភាព និងនវានុវត្តន៍ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ បានទទួលការឯកភាពពីក្រុមប្រឹក្សា អ.ស.ហ. ដែលនៅក្នុងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះចំនួន ៣ រួមមាន៖ ក្របខ័ណ្ឌយុទ្ធសាស្រ្តពង្រឹងទីផ្សារ ពង្រីកទីផ្សារ និងគាំទ្រការអភិវឌ្ឍទីផ្សារ និងមានវិធានការយុទ្ធសាស្រ្តចំនួន ១៣។
ឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រនេះ ជាឯកសារដ៏សំខាន់ ដែលនឹងគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ របស់កម្ពុជា និងជាឯកសាររស់ ដែលត្រូវបានរៀបចំឡើងដោយមានការវិភាគគ្រប់ជ្រុងជ្រោយលើភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម និន្នាការវិវត្តន៍នៃវិស័យមូលបត្រ និងសេដ្ឋកិច្ចកម្ពុជា និងនិន្នាការវិវត្តន៍ក្នុងតំបន់ និងសាកល ព្រមទាំងមានសង្គតិភាពជាមួយយុទ្ធសាស្រ្ត និងគោលនយោបាយជាតិសំខាន់ៗ។
តាមរយៈយុទ្ធសាស្រ្តនេះ ផលិតផល សេវា និងទីផ្សារថ្មីៗ នឹងត្រូវបង្កើតឡើង និងដាក់ឱ្យដំណើរការ ដូចជាមូលនិធិដែលអាចជួញដូរបាន (ETF), Depositary Receipt (DR), បរធនវិនិយោគអចលនវត្ថុ (REIT) ឧបករណ៍និស្សន្ទផ្សេងទៀត ការជួញដូរមូលបត្រតាមម៉ាជីន ការខ្ចី និងឱ្យខ្ចីមូលបត្រ ទីផ្សារខុម៉ូឌីធីអនាគត ហិរញ្ញប្បទានវិនិយោគពីបុគ្គលទៅបុគ្គល និងទ្រព្យឌីជីថល ជាដើម។
ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងដូច្នេះថា ៖«ខ្ញុំមានក្តីរំពឹងខ្ពស់ថា ឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រនេះ នឹងជាមាគ៌ាបង្ហាញផ្លូវសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តសកម្មភាពទៅតាមក្របខ័ណ្ឌពេលវេលាដែលបានដាក់ចេញ ដើម្បីសម្រចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត គួរជាទីមោទនៈ»៕
អត្ថបទ៖ ប៊ី