ប្រជាជនយើងមួយចំនួនមានចម្ងល់ហើយទាក់ទងនឹងទុនបម្រុងអន្តរជាតិ ហើយមួយចំនួនក៏បានលើកឡើងជាសំនួរថា តើអ្វីទៅជាទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves)? ហើយមួយចំនួនក៏បានលើកឡើងជាសំនួរថា តើបច្ចុប្បន្ន កម្ពុជាមានមានទុនបម្រុងអន្តរជាតិគិតជាទឹកប្រាក់ចំនួនប៉ុន្មាន?
ទាក់ទងនឹងចម្ងល់ខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជាការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ប្រសិនបើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ។
ជុំវិញទំហំទឹកប្រាក់នៃទុនបម្រុងអន្តរជាតិរបស់កម្ពុជា ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានទំហំប្រាក់ ២៤,៨ ពាន់ ឬប៊ីលានដុល្លារអាមេរិក ដោយបានកើន ១០,៤% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២៤ (២២,៥ ពាន់ ឬប៊ីលានដុល្លារអាមេរិក) ដែលស្មើនឹង ៧,៥ ខែនៃការនាំចូលទំនិញ និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងទៀតថា ការកើនឡើងនេះជាចម្បងបណ្តាលមកពីការកើនឡើង តម្លៃមាស ចំណូលពីការវិនិយោគក្រៅប្រទេស ការប្រែប្រួលអត្រាប្តូរប្រាក់ និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រាក់បម្រុងកាតព្វកិច្ច។


ការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់ ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ ដោយអនុលោមតាមគោលនយោបាយវិនិយោគនិងសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបាននូវការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។
នាដើមឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម សេចក្តីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាពរូបិយប័ណ្ណប្រភេទទ្រព្យសកម្ម និងទំហំ ថវិកាហានិភ័យ ដើម្បីឆ្លើយតបនឹងការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
ទន្ទឹមនេះ សេចក្តីណែនាំលើការងារជ្រើសរើស និងគ្រប់គ្រងអ្នកចាត់ការខាងក្រៅ និងភ្នាក់ងាររក្សាមូលបត្រ ត្រូវបានធ្វើបច្ចុប្បន្នកម្មរួចរាល់ជាស្ថាពរ ដោយបានបង្កើនតម្លាភាពនៃនីតិវិធីជ្រើសរើស និងពង្រឹងការត្រួតពិនិត្យការអនុវត្ត និងសមិទ្ធផលអ្នកចាត់ការខាងក្រៅ ព្រមទាំងបានបញ្ចូលនីតិវិធីក្នុង ការជ្រើសរើស និងគ្រប់គ្រងភ្នាក់ងាររក្សាមូលបត្រ ដែលជាភាគីផ្តល់សេវាសំខាន់ក្នុងការធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាបណ្ណបៃតង (Green bonds) និងសញ្ញាបណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតំបន់អឺរ៉ុប។
ជាក់ស្តែង នាពេលបច្ចុប្បន្ន ការវិនិយោគលើសញ្ញាប័ណ្ណបៃតង និង ESG មានសមាមាត្រ ៦% នៃទុនបម្រុងអន្តរជាតិសរុប ដែលសបញ្ជាក់ពីការរួមចំណែករបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយចីរភាព និងស្របតាមនីន្នាការនៃការវិនិយោគសកល ដែលកំពុងផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជារួម ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារសង្គ្រាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់និងបន្តសម្រេចបានកំណើនល្អ ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ។
អតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ជាមួយនឹងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹង ដុល្លារអាមេរិកបានល្អប្រសើរ។ ជញ្ជីងទូទាត់បានត្រលប់មកមានអតិរេកវិញ ដែលគាំទ្រដោយកំណើនលំហូរការវិនិយោគផ្ទាល់បរទេស។ អតិរេកជញ្ជីងទូទាត់គូបផ្សំនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានរួមចំណែកធ្វើឱ្យទុនបម្រុងអន្តរជាតិកើនឡើងគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ ប៊ី