រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់គម្រោងជិត ៤០០ ក្រោមទុន ៧,៨ ពាន់លានដុល្លារនៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧,៨ ពាន់លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥០ ៦៧០ កន្លែង ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចេញផ្សាយកាលថ្មីៗនេះ។

ក្នុងនោះ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង គម្រោងវិនិយោគថ្មី ១៦៦ គម្រោង គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង។

បន្ថែមពីលើការផ្តល់គោលការណ៍នេះ ក្រុមការងារបានជួយសម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖ ការចុះបញ្ជីសហគ្រាស ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និង អាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ដោយពន្ធអាករជាបន្ទុករដ្ឋ និង ការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និងការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនទាំងអស់ មេត្តាឆាប់រួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការ​វិនិយោគ។

តាមដានជាមួយយើង៖ Million Times

កាលពីចុង ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ដូចកិច្ចប្រជុំលើកមុនៗ ក្រុមការងារនឹងពិនិត្យ ហើយសម្រេចជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្តពិសេស ដល់គម្រោងនានា ដែលបានដាក់ស្នើសុំការលើកទឹកចិត្ត។ បន្ទាប់ពីទទួលបានគោលការណ៍លើកទឹកចិត្តហើយ ក្រុមការងារ និង ក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និង ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និង ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និង ការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគ ដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និង បង្កើតការងារធ្វើ ជូនប្រជាជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ការងារដំបូងរបស់ក្រុមការងារ គឺការផ្តល់គោលការណ៍លើកទឹកចិត្ត ទី២ ក្រុមការងារផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យគោលការណ៍នោះ ក្លាយជាការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ហើយទី៣ ក្រុមការងារត្រូវផ្តោតការយកចិត្តលើការជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និងជំនាញ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សំដៅឈានទៅភាពម្ចាស់ការ ដោយកម្ពុជាខ្លួនឯងនូវសមត្ថភាពផលិតក្នុងស្រុក ឱ្យបានជាអតិបរិមា ទាំងបរិមាណ គុណភាព និងប្រភេទទំនិញ៕

អត្ថបទ៖ ប៊ី