ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៥ បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលមនុស្សត្រូវការជារៀងរាល់ថ្ងៃ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» ដើម្បីចូលរួមចំណែកជំរុញកំណើនទេសចរក្នុងរដូវកាលបៃតង (Green Season)នេះផង, ក៏ដូចជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត កំពង់ចាម ពិសេសបង្ហាញឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ, មានសាមគ្គីភាពរឹងមាំ និងសុខដុមរមនាទូទាំងប្រទេស។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងខេត្តកំពង់ចាម និងព្រះវត្តមានរបស់ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជាង ៦,០០០ នាក់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯកភាពជាតិពេញលេញស្មារតីសាមគ្គីភាព ភាតរភាព ការរស់នៅប្រកបដោយសុភមង្គលសុខដុមនីយកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ ហើយសន្តិភាពនេះត្រូវបានបន្តថែរក្សាពូនជ្រុំ ក្រោមការដឹកនាំដ៏ស្វាហាប់មោះមុត ត្រឹមត្រូវ និងប្រាកដនិយមរបស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍, រួមចំណែកក្នុងការផ្តល់នូវកាលានុវត្តភាពថ្មីមួយបែប ដែលធ្វើឱ្យផលិតផលទេសចរណ៍ មានភាពសម្បូរបែប និងប្លែកៗតាមរយៈការធ្វើពិពិធកម្មផលិតផលកីឡាទេសចរណ៍។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០២៣ កន្លងទៅ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យ សប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងលើកកំពស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព តាមរយៈការចែករំលែកពេលវេលាដ៍មានតំលៃ ក្នុងការបង្ហាញសកម្មរបស់ពួកគេ ដោយមានការរៀបចំដង្ហែភ្លើងគប់ពីទិសខាងកើត ទៅទិសខាងលិច ឆ្លងកាត់ខ្សែស្របទូទាំងពិភពលោក នាឆ្នាំកន្លងមកនេះ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដើរពិភពលោកនេះ មានចំនួយជាង ៣៨០.០០០ នាក់ តំណាងឱ្យប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា៕
អត្ថបទ៖ ប៊ី