ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុនកម្ពុជាទាំង ១៣ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 មិនត្រឹមតែបានបង្ហាញពីគុណភាព និងស្តង់ដារនៃអង្ករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការទាក់ទាញវិនិយោគិន និងពង្រីកបណ្តាញផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់អ្នកទិញធំៗនៅអឺរ៉ុប ផងដែរ។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានលើកឡើងដូច្នេះនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៥ នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 ដែលរៀបចំឡើងនៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់។
តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់កិត្តិនាមអង្ករគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងអន្តរជាតិ ដោយបានប្រមូលផ្តុំក្រុមហ៊ុនកែច្នៃ និងនាំចេញស្រូវអង្ករល្បីៗរបស់កម្ពុជាចំនួន ១៣ ក្រុមហ៊ុន ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម។


ក្រុមហ៊ុនទាំងនោះ រួមមាន៖ ១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) ២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត ៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៉ីមផត អិចផត ៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត ៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អាហរ័ណនីហរ័ណ ៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក ៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ ៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក ១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល ១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី ១២. ក្រុមហ៊ុន អៀង ហ៊ាង អាហរ័ណនីហរ័ណ និង១៣. ក្រុមហ៊ុន ព្រីមលិះ ខបភើរេសិន។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ដូច្នេះថា ៖«ការចូលរួមរបស់ក្រុមហ៊ុនទាំង ១៣ នៅក្នុងពិព័រណ៍ ANUGA 2025 នេះគឺជាមោទនភាពដ៏ក្រៃលែងសម្រាប់កម្ពុជា ដែលមានវត្តមានរបស់ក្រុមហ៊ុនស្រូវអង្ករ បានចូលរួមដាក់តាំងបង្ហាញផលិតផលអង្ករកម្ពុជានៅក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ។ លើសពីនេះ ពន្លាសហព័ន្ធស្រូវអង្ករ ត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីជំរុញការនាំចេញ និងពង្រឹងកិត្តិនាមអង្ករកម្ពុជា ដែលជាផលិតផលសក្ដានុពលមួយរបស់កម្ពុជា»៕
អត្ថបទ៖ ប៊ី