ឯកឧត្តម កែវ រតនៈ៖ គម្រោងចម្រាញ់រ៉ែមាសខ្នាតអន្តរជាតិផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លារ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គម្រោងចម្រាញ់រ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវខេត្តមណ្ឌលគិរី បាននិងកំពុងផ្តល់ការងារជាច្រើនកន្លែងដល់កូនខ្មែរ ពិសេសផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លាររួចហើយ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងដោយស្នាមញញឹមនៃក្តីសង្ឃឹមនិងការពេញចិត្តរបស់វិស្វករនិងបងប្អូនកម្មករ កម្មការិនីខ្មែរនៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៥ថា ៖«គម្រោងនេះកំពុងផ្តល់ការងារ៦៥០កន្លែង ដែលក្នុងនេះ៩០%ជាខ្មែរយើង ហើយបានផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លាររួចហើយ»។

 ក្នុងខេត្តមណ្ឌលគិរីក្រៅពីតំបន់ទេសចរណ៍បែបធម្មជាតិ ខេត្តក៏មានតំបន់សក្ដានុពលជាច្រើន ដូចជា រ៉ែមាស តំបន់អូរខ្វាវ ស្រុកកែវសីមា ជាដើម ដែលមានចម្ងាយប្រមាណជាង៦០គីទ្បូម៉ែតពីទីរួមខេត្តមណ្ឌល់គិរី។ 

តាមដានជាមួយយើង៖ Million Times

គម្រោងអាជីវកម្មរ៉ែមាសនៅកម្ពុជា បច្ចុប្បន្នកំពុងដំណើរការ ១១ គម្រោង ក្នុងនោះ ៧ គម្រោងកំពុងប្រត្តិបត្តិការទាញយករ៉ែពេញលេញចាប់តាំងពីឆ្នាំ ២០២១ ដោយក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited ហើយ ៤ គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ បើគិតត្រឹមចុងឆ្នាំ ២០២៤ សួយសាររ៉ែមាសប្រមាណ ៣០លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ។

សូមជម្រាបថា ក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited មានគម្រោងអាជីវកម្មទ្រង់ទ្រាយធំខ្នាតអន្តរជាតិ ដោយមានផែនការពង្រីកវិសាលភាពអាជីវកម្មដូចជា៖ គម្រោងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី គ្រោងនឹងបន្ថែមអាយុអាជីវកម្មពី ៨ ឆ្នាំ ទៅ ២០ ឆ្នាំ ដោយគ្រោងប្រើប្រាស់អណ្តូងរ៉ែក្រោមដី និងគ្រោងអភិវឌ្ឍអាជីវកម្មរ៉ែមាសមួយគម្រោងបន្ថែមទៀតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាចផលិតមាសប្រមាណ ៣ តោនក្នុងមួយឆ្នាំ៕

អត្ថបទ៖ ប៊ី