វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ដែលតភ្ជាប់ផ្លូវអាកាសរវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នឹងជួយជំរុញសក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ពិសេសសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានិយាយជារួម។ នេះបើយោងតាមលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ចាប់ពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។


កម្មពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា, ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ, លោក Arik De ជា Chief Revenue and Commercial Officer of Etihad Airways, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ឯកឧត្តម-លោកជំទាវជាតំណាងអង្គទូត និងឯកឧត្តម-លោកជំទាវជាថ្នាក់ដឹកនាំពីស្ថាប័នរដ្ឋ និងឯកជន ភ្ញៀវកិត្តិយសជិត២០០នាក់ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
ក្នុងសុន្ទរកថាអបអរសាទរនាឱកាសដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ៖«វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ មិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាសរវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» ប៉ុណ្ណោះទេ តែជាការស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានិយាយជារួម»។
គួរបញ្ជាក់ដែរថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះ មានជើងហោះហើរត្រង់រវាងរាជធានីអាប៊ូដាប៊ី (Abu Dhabi)-រាជធានីភ្នំពេញ ចំនួន៤ជើងក្នុងមួយសប្តាហ៍ ពោល គឺរៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍៕
អត្ថបទ៖ ប៊ី