ប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីផ្នែកនវានុវត្តន៍ តាមរយៈការដាក់ឱ្យអនុវត្ត និងលើកកម្ពស់គម្រូគោលនយោបាយកម្មសិទិ្ធបញ្ញាកម្រិតសាកលវិទ្យាល័យ។ នេះបើយោងតាមការលើកឡើងរបស់ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥។
អង្គការ UNIDO ក្នុងភាពជាដៃគូជាមួយនាយកដ្ឋានកម្មសិទិ្ធបញ្ញា (DIP) ចំណុះឱ្យ ក្រសួងពាណិជ្ជកម្ម (MoC) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាចលករប្រកបដោយ ថាមវ័ន្តនៅពីក្រោយគំនិតផ្តួចផ្តើមនេះ ក្នុងគោលដៅគាំទ្រ និងផ្តល់ភាពអង់អាចដល់សាកលវិទ្យាល័យក្នុងការគ្រប់គ្រង និងការពារ របកគំហើយពីគម្រោង ស្រាវជ្រាវនានាឱ្យបានកាន់តែប្រសើរ ទន្ទឹមនិងជំរុញការផ្ទេរបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច។
តាមរយៈការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ក្រោមក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ជំនាញការអន្តរជាតិរបស់អង្គការ UNIDO បានរៀបចំបង្កើត និងកែសម្រួលគោលនយោបាយកម្មសិទ្ធបញ្ញា (IP) បន្ថែម លើមេរៀន និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធសម្របសម្រួលដោយថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ដែលជា វេទិកាពហុភាគីសម្រាប់តំណាងមកពីគ្រឹះស្ថានឧត្តមសិក្សា អង្គភាពរដ្ឋ និងវិស័យឯកជនផ្នែកឧស្សាហកម្មម្ហូបអាហារ។
ឯកឧត្តម ហ៊ុល សៀងហេង រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ៖«គម្រូនេះឆ្លុះបញ្ចាំងអំពីការតាំងចិត្តរួមគ្នា ដើម្បីប្រើប្រាស់សក្តានុពលនវានុវត្តន៍របស់កម្ពុជាឱ្យអស់លទ្ធភាព។ វាផ្តល់នូវ ក្របខណ្ឌច្បាស់លាស់មួយដើម្បីការពារកម្មសិទិ្ធបញ្ញានៅតាមបណ្តាសាកលវិទ្យាល័យ ដោយបានចាក់គ្រឹះដ៏រឹងម៉ាំសម្រាប់អនាគតប្រកបដោយវិបុលភាព តាមរយៈកិច្ចសហការរវាងភាគីពាក់ព័ន្ធដូចជា ផ្នែកឧស្សាហកម្ម គ្រឹះស្ថានឧត្តមសិក្សា និងរាជរដ្ឋាភិបាល»។


តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ ភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យ និងផ្តល់មតិកែលម្អលើសេចក្តីព្រាងគោលនយោបាយ និងកំណត់អំពីបញ្ហាប្រឈមក្នុងការអនុវត្តដោយគិតគូរជាពិសេសលើសុខដុមនីយកម្មយុទ្ធសាស្រ្តនវានុវត្តន៍ និងអភិបាលកិច្ចកម្មសិទិ្ធបញ្ញាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ការអនុវត្តនៅកម្ពុជា។ គោលនយោបាយនេះ គឺជាទម្រ គ្រឹះជួយជ្រោមជ្រែង និងលើកកម្ពស់ការស្រាវជ្រាវអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាមួយផ្នែកឧស្សាហកម្ម ក្រោមការសម្របសម្រួលពីអង្គភាពជំនាញរបស់រាជរដ្ឋាភិបាល។
លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO នៅកម្ពុជា បានកត់សម្គាល់ថា៖ «ក្របខណ្ឌ គោលនយោបាយកម្មសិទិ្ធបញ្ញាមួយដែលមានលក្ខណៈរឹងម៉ាំ ផ្តល់ភាពអង់អាចដល់សាកលវិទ្យាល័យដើម្បីក្លាយជាដៃគូដ៏រឹងម៉ាំ មួយសម្រាប់ការស្រាវជា្រវ និងអភិវឌ្ឍន៍នៅថ្នាក់ជាតិ ដោយធានាថាការវិនិយោគសាធារណៈលើការងារស្រាវជា្រវនឹងផ្តល់ជា
អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងពិតប្រាកដ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការ យ៉ាងជិតស្និតរវាងរដ្ឋ ឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។»
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្ថែមថា៖ «គោលនយោបាយកម្មសិទិ្ធបញ្ញា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគិតគូរស៊ីជម្រៅពិតជាមានភាពចាំបាច់មិនអាចខ្វះបានដើម្បីការពារ និងផ្តល់តម្លៃដល់លទ្ធ ផលបែបច្នៃប្រឌិត ឬរបកគំហើញតាមបែបវិទ្យាសាស្រ្ត ដែលជាការបណ្តុះគ្រាប់ពូជនៃវប្បធ៌មនវានុវត្តន៍ដ៏ចិញ្ចាចចិញ្ចែងមួយ។»
ការដាក់ឱ្យអនុវត្តគោលនយោបាយនេះ គឺជាបង្គោលចរណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរដ៏ស្វាហាប់របស់កម្ពុជា ឆ្ពោះ ទៅរកទេសកាលនៃការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ ប៊ី